(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ចាប់ផ្តើមរៀបចំការដំឡើងយានសម្រាប់ដឹកអវកាសយានិក Orion ដើម្បីត្រៀមសម្រាប់ការសាកល្បងហោះហើរដោយពេញលេញមួយនៃប្រព័ន្ធយានថ្មីនេះ ក្រោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទើបតែបញ្ជូនរបស់សំខាន់មួយមកដល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ្រឿងទី ១ នៃយានផ្តល់សេវារបស់អឺរ៉ុប (ESM) ដែលមានតួនាទីទទួលខុសត្រូវលើការផ្គត់ផ្គង់អគ្គិសនី ទឹក អុកស៊ីសែន និងគ្រឿងសំខាន់ៗជាច្រើនទៀតសម្រាប់យាន Orion នោះ ទីបំផុតត្រូវបានបញ្ជូនមកដល់មជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋផ្លូរីដាហើយ ស្របពេលដែលក្រុមវិស្វករចាប់ផ្តើមតភ្ជាប់យានទាំងពីរ សម្រាប់ការធ្វើតេស្តហោះហើរនៅជុំវិញឋានព្រះច័ន្ទនាឆ្នាំ២០២០។
យ៉ាងណាមិញ ការតភ្ជាប់រវាងបញ្ចូលគ្នារវាងយានផ្តល់សេវារបស់អឺរ៉ុប ដែលគេហៅថា Service Module និងយាន Orion ដែលគេហៅថា Crew Module នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើន ដែលអាចប្រព្រឹត្តទៅជាបន្តបន្ទាប់រហូតដល់ខែកក្កដាឆ្នាំ២០១៩ ឯណោះ មុនការធ្វើតេស្តហោះហើររបស់ពួកវាអាចប្រព្រឹត្តទៅបាននៅឆ្នាំ២០២០។
គួរជម្រាបថា ទោះបីជាទីភ្នាក់ងារ ESA បានចំណាយពេល ០៧ឆ្នាំ ក្នុងការរចនា និងផលិតកំណាត់ Service Module នេះឡើងក៏ដោយ តាមពិតទៅវាពុំអាចប្រើប្រាស់សម្រាប់ផ្តល់ថាមពលឲ្យការហោះហើរដែលមានផ្ទុកអវកាសយានិកបានឡើយ ដោយសារតែតម្រូវការសម្រាប់ Module នេះបានប្រែប្រួលមករហូត។
តួយ៉ាងនៅក្នុង Service Module នេះ ពុំមានផ្ទុកបំពង់អុកស៊ីសែនឡើយ ប៉ុន្តែវាមិនថ្វីទេដោយការហោះហើរសាកល្បងនៅឆ្នាំ២០២០ ពុំមានវត្តមានអវកាយានិកដែលត្រូវការដកដង្ហើមឡើយ។ សម្រាប់កំណាត់យាន Service Module ទីពីររបស់ ESA ដែលនឹងត្រូវហោះជាមួយ Orion ក្នុងការសាកល្បងដែលមានវត្តមានអវកាសយានិក នឹងមានផ្ទុកបំពង់អុកស៊ីសែន ព្រមទាំងសម្ភារៈដទៃទៀត ដែលពុំមានក្នុង Service Module ទីមួយ៕