(ប៉ាពូញូហ្គីណេ)៖ នៅចំពោះមុខភាពតានតឹងលើវិស័យពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បណ្តាមេដឹកនាំ APEC មិនអាចមូលមតិគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ តាមទំលាប់ដូចរាល់ដងឡើយនាឆ្នាំនេះ នៅពេលកិច្ចប្រជុំកំពូលនេះត្រូវបានបិទបញ្ចប់នៅប៉ាពួញូហ្គីណេ ដោយសារតែការខ្វែងគំនិតគ្នាជុំវិញអនាគតនៃវិស័យពាណិជ្ជកម្មពហុភាគី ខណៈវាគឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្រ្តនៃកិច្ចប្រជុំកំពូល APEC។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាយករដ្ឋមន្រ្តីប៉ាពួញូហ្គីណេ លោក ភីធើ អូនែល (Peter O'Neil) បានឲ្យដឹងថាសមាជិកទាំង ២១ នៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC មិនអាចព្រមព្រៀងគ្នាលើសេចក្តីប្រកាសរួមមួយឡើយ។ បើតាមលោក O'Neil ក្រុមមេដឹកនាំ APEC បានព្យាយាមធានាឲ្យបាននូវវិស័យពាណិជ្ជកម្មដែលសេរី និងបើកចំហនៅឆ្នាំ២០២០ ប៉ុន្តែមិនអាចសម្រេចការឯកភាពគ្នាបានដោយសារតែមាន «យក្សធំៗទាំងពីរនៅក្នុងបន្ទប់ប្រជុំ»។
គួរជម្រាបថា ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC សហរដ្ឋអាមេរិកបានចេញមុខប្រឆាំងកិច្ចប្រឹងប្រែងរបស់ចិនក្នុងការប្រើប្រាស់ទឹកលុយ តាមរយៈកិច្ចផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានរិះគន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ជុំវិញគម្រោងខ្សែក្រវាត់ និងផ្លូវនេះ ព្រមទាំងការទាមទារទឹកដីនៅក្នុងតំបន់សមុទ្រចិនខាងកើត និងខាងត្បូងរបស់ទីក្រុងប៉េកាំង ដែលសហរដ្ឋអាមេរិកមិនអាចទទួលយកបាន៕