(ញូដេលី)៖ កងទ័ពឥណ្ឌាកំពុងចាប់ផ្ដើមធ្វើសមយុទ្ធយោធាមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយកងទ័ពរុស្ស៊ី ខណៈរថពាសដែកយោធាត្រូវបានផ្គត់ផ្គង់ដោយភាគីឥណ្ឌាជាស្រេច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមយុទ្ធយោធា Indra-2018 នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ដោយមានការចូលរួមពីកងទ័ពរុស្ស៊ី និងឥណ្ឌា ៥០០នាក់។ ជាមួយគ្នានោះដែរ បើតាមទីក្រុងម៉ូស្គូយន្ដហោះយោធារុស្ស៊ី Il-76 បានទៅដល់មូលដ្ឋានទ័ពអាកាសឥណ្ឌា ក្វាឡាយអឺ (Gwalior) ហើយកងទ័ពរុស្ស៊ីនឹងត្រូវដំណើរទៅកាន់មូលដ្ឋាន បាប៊ីន (Babin) នៃរដ្ឋ យូតតារប្រាដែស (Uttar Pradesh) ភាគពាយ័ព្យប្រទេសឥណ្ឌា ជាទីដែលកងទ័ពប្រទេសទាំងពីរត្រូវធ្វើសមយុទ្ធយោធារួមគ្នា។
គួរបញ្ជាក់ថា ក្រោមក្របខណ្ឌនៃសមយុទ្ធយោធា Indra-2018 រុស្ស៊ី និងឥណ្ឌា នឹងត្រូវធ្វើការងាររួមគ្នាក្នុងប្រតិបត្តិការរក្សាសន្តិភាព និងប្រយុទ្ធនឹងភេរវកម្មជាដើម។ ចំណែកឯកាលពីឆ្នាំ២០១៧ សមយុទ្ធយោធានេះក៏ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុង ប្រទេសរុស្ស៊ីផងដែរ៕