(ហាណូយ)៖ គ្រោះទឹកជំនន់ និងបំណាក់ដីបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ១២នាក់ ដោយសារមានការធ្លាក់ភ្លៀងខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ នៅភាគកណ្តាលប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
អំឡុងប៉ុន្មានថ្ងៃនេះភ្លៀងបានធ្លាក់យ៉ាងជោគជាំនៅខេត្ត កាញ់ហាវ (Khanh Hoa) ភាគកណ្តាលវៀតណាម ដោយសារឥទ្ធិពលនៃព្យុះត្រូពិច តូរ៉ាជិ (Toraji) ដែលមកពីសមុទ្រចិនខាងត្បូង និងបង្កឲ្យមានបំណាក់ដីដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។ ស្របពេលដែលចំនួនមនុស្សស្លាប់នាពេលនេះមាន ១២នាក់ ការរុករកជនរងគ្រោះមួយចំនួនទៀតដែលអាចបាត់បង់ជីវិត កំពុងតែបន្តប្រព្រឹត្តទៅ។
គួរជម្រាបថា ជារឿយៗនាអំឡុង ៦ខែ ចុងក្រោយជារៀងរាល់ឆ្នាំប្រទេសវៀតណាម តែងទទួលរងការធ្លាក់ភ្លៀងខ្លាំង ដោយសារតែឥទ្ធិពលព្យុះ ខណៈគិតចាប់តាំងពីខែមករាដើមឆ្នាំនេះមនុស្សយ៉ាងតិច ១៨៥នាក់ បានស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេស៕