(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទទួល​ព័ត៌មានពីខ្សែអាត់​សំឡេងពាក់ព័ន្ធ នឹងអំពើឃាតកម្ម​លើអ្នកកាសែត​លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ហើយ ប៉ុន្តែទន្ទឹមគ្នាលោក​ក៏បានអះអាងដែរថា នឹងមិនស្ដាប់ខ្សែ​អាត់សំឡេងនេះ​ដោយខ្លួនឯង​ឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើង​នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅ​អាមេរិក)។ ថ្លែងនាឱកាស​នោះ​លោក ត្រាំ បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «វាគឺជាខ្សែ​អាត់សំឡេង​ដ៏គួរឱ្យឈឺចាប់ និងរន្ធត់​បំផុត... ហើយខ្ញុំដឹងថា មានអ្វីបានកើត​ឡើងនៅក្នុងខែ្ស​អាត់សំឡេងនេះ​ ដោយមិនចាំបាច់​ស្ដាប់វាដោយ​ផ្ទាល់។ វាគឺជាខ្សែអាត់​សំឡេងដ៏ហិង្សា ឃោរឃៅ និងរន្ធត់​ក្រៃលែង»

គួរបញ្ជាក់​ថា លោក Jamal Khashoggi ត្រូវបានគេជឿជាក់ថា ត្រូវបានគេសម្លាប់​នៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំ ទីក្រុងអ៉ីស្ដង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ។ ចំណែកឯ ទីភ្នាក់ងារស៉ើបការណ៍​សំងាត់​អាមេរិក CIA ក៏ត្រូវបាន​គេរាយការណ៍ផងដែរថា បានធ្វើការ​សន្និដ្ឋានថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ិន សាល់ម៉ាន់ (Mohammed bin Salman) គឺជាអ្នកបញ្ជា​​ឱ្យគេសម្លាប់​លោក Khashoggi។

តែទោះជាយ៉ាង​ណាក៏ដោយ​លោក ដូណាល់ ត្រាំ បានច្រានចោល​​សេចក្តីរាយការណ៍​​នេះ ហើយអារ៉ាប៊ីសាអូឌីត​ក៏នៅតែបញ្ជាក់​ដដែល​ថា ព្រះអង្គម្ចាស់រាជទាយាទ មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម​នេះឡើយ៕