(សឹង្ហបុរី)៖ កិច្ចប្រជុំកំពូលអាស៊ាននៅសឹង្ហបុរីត្រូវបានបញ្ចប់កាលពីថ្ងៃសុក្រនេះ ដោយធ្វើឲ្យអាស៊ានមានទឹកមាត់រាងប្រៃជាងមុន ដោយសារមេដឹកនាំពិភពលោកចេះតែចូលមកញ៉ែ កាន់តែច្រើនៗឡើង នោះក៏ព្រោះតែសក្តានុពលសេដ្ឋកិច្ចអាស៊ាននិងកត្តាភូមិសាស្រ្តនយោបាយដែលមានចំហាយចេញពីមហាអំណាចចិន។ រាល់កិច្ចប្រជុំអាស៊ានម្តងៗ មេដឹកនាំធំៗតែងឆ្លៀតយកវេទិកានេះ ដើម្បីឌឺដងនិងផ្លោងសង្រ្គាមពាក្យសំដីដាក់គ្នាទៅវិញទៅមក ជាពិសេសរវាងចិន និងអាមេរិក។
ជាក់ស្តែងនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ អាមេរិកបានសងសឹកចិនវិញរហូតបានសម្រេច បន្ទាប់ពីចិនបានធ្វើឲ្យអាមេរិកបាក់មុខពីរដងកាលពីខែសីហាកន្លងទៅ នៅឯវេទិកាតំបន់អាស៊ានថ្នាក់រដ្ឋមន្រ្តីការបរទេស ដែលពេលនោះចិនបានវាយប្រហារអាមេរិកថា ជាប្រទេសខាងក្រៅចូលមកជ្រៀតជ្រែកក្នុងតំបន់។ល។ ហើយដើរចេញទៅបន្ទប់ទឹកបាត់ នៅពេលដែលអាមេរិកចាប់ផ្តើមនិយាយ ធ្វើឱ្យអាមេរិកខឹងក្តៅស្លឹកត្រចៀកមិនតិចឡើយ ហើយម្តងទៀតចិនបានសុំប្រទេសជាមិត្តជ្រែលេខរៀងដល់ទៅពីរលេខ ដើម្បីផ្លោះទៅឲ្យកៀកនឹងអាមេរិកដែលនិយាយចប់ត្រូវវាយបកវិញភ្លាម ពីព្រោះខ្លាចអាមេរិកដើរចេញបាត់ដូចខ្លួនធ្លាប់ធ្វើនោះដែរ។
យ៉ាងណាក៏ដោយ លើកក្រោយនេះ អាមេរិកបានសម្រួចពាក្យមកពីសេតវិមានជាស្រេច ហើយផ្លោងពាក្យផ្តាច់ព្រាត់នៅម៉ោងចុងក្រោយគេ ដោយប្រាប់ចិនថា «ការប្រើប្រាស់កម្លាំងយោធា» នៅតំបន់សមុទ្រចិនខាងត្បូងគឺជា «ការខុសច្បាប់ ពីព្រោះសមុទ្រចិនខាងត្បូងពុំមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយឡើយ ហើយលោកនាយករដ្ឋមន្រ្តី (ចិន) ឯងត្រូវមានការជឿចុះថា អាមេរិកបន្តហោះហើរទៅទីណាក៏បានដែរ ឲ្យតែស្របច្បាប់អន្តរជាតិហើយជាប្រយោជន៍របស់ជាតិយើង»។ មានអ្វីប្លែកទៀតសម្រាប់កិច្ចប្រជុំចុងក្រោយនេះ?
១៖ អាស៊ានផ្តុំដោយមេដឹកនាំវ័យចំណាស់
អាស៊ានជាប្លុកមួយដែលផ្តុំដោយមេដឹកនាំចាស់ៗជាច្រើនរហូតដល់គេវាយតម្លៃថា មធ្យមភាគអាយុរបស់មេដឹកនាំអាស៊ានចូលដល់ខ្ទង់៧០អស់ហើយ។ តាមពិតទៅនាយករដ្ឋមន្រ្តី មាហាធៀ មហាមេដ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាអ្នកទាញមេដឹកនាំអាស៊ានដទៃទៀតឲ្យកើនអាយុ ដោយសារតែគាត់ជាមេដឹកនាំកំពុងកាន់តំណែងចាស់ជាងគេបង្អស់ មិនមែនត្រឹមក្នុងចំណោមមេដឹកនាំអាស៊ាននោះទេ តែក្នុងពិភពលោកទាំងមូល (អាយុ៩៣ឆ្នាំទៅហើយ)។ ចំណែកឯមេដឹកនាំអាស៊ានមួយចំនួនទៀតក៏សុទ្ធតែចូលខ្ទង់៧០ដែរ ដូចជាស្តេចស៊ុលតង់របស់ប្រ៊ុយណេ លោក ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន លោកស្រី អូង សានស៊ូជី មកពីប្រទេសភូមា និងនាយករដ្ឋមន្រ្តីឡាវ។
បើគិតពីអ្នកដែលមានអាយុតិចជាងគេក្នុងចំណោមមេដឹកនាំអាស៊ានទាំង១០ លោក ចូកូវី ប្រធានាធិបតីឥណ្ឌូណេស៊ីក្មេងជាងគេដែលមានអាយុ៥៧ឆ្នាំ បន្ទាប់មកនាយករដ្ឋមន្រ្តីវៀតណាម (៦៤ឆ្នាំ) នាយករដ្ឋមន្រ្តីថៃ (៦៤ឆ្នាំ) នាយករដ្ឋមន្រ្តីសឹង្ហបុរី (៦៦ឆ្នាំ) និងនាយករដ្ឋមន្រ្តីកម្ពុជា ស្ថិតនៅលំដាប់ទី៥ ដែលមានអាយុ៦៦ឆ្នាំដែរ តែបងខែបើធៀបជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរី Lee Hsien Loong។
២៖ Mahathir Mohamad ជានណា?
លោក Mahathir ជាមេដឹកនាំម៉ាឡេស៊ីដ៏ល្បីល្បាញមួយរូបដែលនាំឲ្យប្រទេសមួយនេះមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ជាពិសេសនៅចន្លោះទសវត្សរ៍ ៩០និងដើមទសវត្សរ៍ឆ្នាំ២០០០ ក្នុងសម័យកាលដែលគាត់កាន់អំណាចនៅអាណត្តិមុនបាន២២ឆ្នាំ (១៩៨១-២០០៣)។ លោក Mahathir ត្រូវបានគេទទួលស្គាល់ថា ជាបុរសខ្លាំងរបស់ម៉ាឡេស៊ីដែលហ៊ាន និយាយត្រង់ៗមិនសំចៃមាត់ និងរិះគន់មហាអំណាចអាមេរិកគ្មានញញើតឡើយ។ ១៥ឆ្នាំក្រោយ ម៉ាហាធៀ បានវិលត្រឡប់មកកាន់អំណាចសាជាថ្មីក្នុងអាយុ៩២ឆ្នាំ (ឥឡូវចូលដល់៩៣ឆ្នាំហើយ) ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ហើយប្រទេសខ្លះដែលធ្លាប់មានអរិយភាពជាមួយម៉ាហាធៀក៏មិនសប្បាយចិត្តប៉ុន្មានដែរ ជាពិសេសប្រទេសជិតខាងសឹង្ហបុរី។ ទោះជាមានវ័យចំណាស់ខ្លាំងណាស់ទៅហើយ តែម៉ាហាធៀ នៅតែស្អាតហើយខ្លាំង រហូតមានពាក្យចចាមអារ៉ាមថា គាត់បានចាក់ថ្នាំស្តែមសែល (Stem cell) ដើម្បីរក្សាសម្រស់។ តែអាថ៌កំបាំងពិតរបស់ ម៉ាហាធៀ គឺមិនញាំសុរា ឬគ្រឿងស្រវឹងទេ ហើយលោកពិសារអាហារប្រចាំថ្ងៃតិចតួចណាស់ រហូតដល់គេប្រៀបធៀបគាត់ទៅនឹងសត្វអណ្តើកដែលអាយុវែងដោយសារស៊ីចំណីតិចជាប្រចាំថ្ងៃ។
ចូលដល់ការអង្កេតផ្នែកសុខភាពមេដឹកនាំ គេក៏កត់សម្គាល់ឃើញថា ស្តេចស៊ុលតង់របស់ប្រទេសប្រ៊ុយណេនៅឯកិច្ចប្រជុំលើកនេះ មានសភាពចាស់សម្បើមណាស់ ហើយមតិខ្លះបាន សន្និដ្ឋានថា ប្រហែលមកពីស្តេចអង្គនេះនៅតែស្រើបស្រាលនឹងកាមតណ្ហាច្រើនពេក ទើបធ្វើឱ្យលោកស្រុតចុះសម្រស់ជាគំហុក ជាពិសេសក្នុងវ័យចំណាស់បែបនះហើយ។
ស្តេចស៊ុលតង់ អាចជាបុរសដែលមានសំណាងជាងគេបង្អស់ក្នុងលោក ដោយសារគាត់មានអ្វីៗស្ទើរគ្រប់យ៉ាងរួមទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ និងមានជីវិតស្នេហាដ៏សម្បូរបែបដែលបុរសៗលើលោកមិនអាចធ្វើដូច។
ស្តេចស៊ុលតង់ចូលចិត្តលេងសក់ខ្លាចបាក់ភ្លី។ នៅពេលមួយនោះ ខ្ញុំមានឱកាសជិះជណ្តើរយន្តជាមួយ ក៏ប្រទះឃើញស្តេចស៊ុលតង់ទាញយកក្រាស់សិតសក់មកសិត ដោយគ្មានខ្វល់ថា មាននណាឃើញឡើយ ហើយម្តងទៀតនៅពេលគាត់ឈរចាំទទួលនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចហ៊ុន សែន ក៏ឆ្លៀតសិតសក់សិនដែរ។ គាត់តែងកុម្ម៉ង់ជាងកាត់សក់មកពីអង់គ្លេសរាល់ ៣ទៅ៤សបា្តហ៍ម្តង ដោយបង់លុយឲ្យជិះយន្តហោះថ្នាក់អ្នកមាន (Business Class) ចំណាយក្នុងមួយជើងៗអស់៩ពាន់ផោន (ប្រហែល១១៥០០ដុល្លារ)។ ធម្មតាជាងកាត់សក់រូបនះ កាត់សក់ម្តង គាត់យកតែ៣០ផោនទេនៅប្រទេសអង់គ្លេស។
៣៖ មេដឹកនាំរូបណាជាតារានៅឯកិច្ចប្រជុំ?
ជាថ្មីម្តងទៀត ម៉ាហាធៀ ជាប់ជាតារាលំដាប់លេខមួយ ក្នុងចំណោមមេដឹកនាំអាស៊ានដែលអ្នកសារព័ត៌មានតែងស្ទាក់ចាំសួរស្ទើរាល់វេទិកាប្រជុំ ពីព្រោះគាត់មិនត្រឹមតែមិនខ្លាចអ្នកកាសែត តែជាមេដឹកនាំដែលចូលចិត្តឲ្យអ្នកកាសែតសួរ។ ទោះជាអាយុច្រើនណាស់ទៅហើយក្តី ម៉ាហាធៀនៅតែរឹងមាំ ហើយខ្លាំងជាងមេដឹកនាំជាតារាមាត់ដាច លោក Duterte របស់ហ្វីលីពីនទៅទៀត។ នៅឯកិច្ចប្រជុំលើកនេះ លោក Duterte មើលទៅហាក់ដូចជា ថមថយកម្លាំងខ្លាំងណាស់ បើទោះជាគាត់មានអាយុត្រឹមតែ៧៣ឆ្នាំប៉ុណ្ណោះ។
លោក Duterte បានអវត្តមានច្រើនលើកនៅឯកិច្ចប្រជុំ ហើយពេលចូលប្រជុំ បើមិនងោកក៏ស្ងាបដែរ។ ពេលអ្នកសារព័ត៌មានសួរ គាត់ឆ្លើយថា គាត់ធ្វើការងារច្រើននៅពេលយប់ គេងបានតិច ហើយមិនញ៉ាំអាហារពេលព្រឹកទេ។ លោក Duterte ស្អប់កិច្ចប្រជុំអន្តរជាតិធំៗដែលតែងចាប់ផ្តើមប្រជុំនៅពេលព្រឹក ពីព្រោះគាត់មានទម្លាប់ដេកដល់ថ្ងៃចាំងគូទ មិនមានទម្លាប់ញ៉ាំអាហារពេលព្រឹក ហើយចូលចិត្តធ្វើការចាប់ពីម៉ោង១រសៀលដល់ម៉ោង១២អាធ្រាត។ យ៉ាងណាក៏ដោយ អ្នកការទូតជាច្រើនបានសរសើរលោក Duterte ថា លើកនេះគាត់ចេះស្លៀកពាក់បានសមរម្យវិញហើយ គឺអាវធំដូចគេដូចឯង ហើយក៏ឈប់មូលដៃអាវទៀតដែរ។
៤៖ ដូណាល់ ត្រាំ អវត្តមាន លេចមុខ ពូទីន
ជាលើកទីមួយហើយដែលប្រធានាធិបតីរបស់អាមេរិកអវត្តមាន នៅឯកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ាក្នុងពេលដែលនៅអាមេរិកពុំមានកិច្ចការណាមួយ បន្ទាន់ចាំបាច់តម្រូវឲ្យប្រធានាធិបតីត្រាំនៅក្នុងប្រទេសសោះ។ អវត្តមានលោក ត្រាំ ធ្វើឱ្យគេឆ្ងល់ហើយនាំគ្នាគិតថា អាមេរិកចាប់ផ្តើមដកខ្លួនចេញពីអាស៊ាន ឬយ៉ាងណា? ប្រទេសមួយចំនួនចង់បានវត្តមានប្រធានាធិបតីអាមេរិកណាស់ ដូចជាវៀតណាម ជប៉ុន និងសឹង្ហបុរី ជាដើម ពីព្រោះប្រទេសទាំងនេះចង់ឲ្យមានតុល្យភាពជាមួយចិន។
ស្របពេលអវត្តមានប្រធានាធិបតីអាមេរិក បែរជាលេចមុខប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅវិញ។ ចាប់តាំងពីរុស្ស៊ី ក្លាយជាដៃគូសន្ទនាជាមួយអាស៊ាននៅឆ្នាំ២០១១ ពូទីន ទៀបតែចូលរួមប្រជុំលើកទីមួយប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំ ពូទីនតែងបញ្ជូននាយករដ្ឋមន្រ្តី លោក Dmitry Medvedev ឲ្យចូលរួមជំនួស។ សម្រាប់សឹង្ហបុរី កិច្ចប្រជុំចុងក្រោយនេះបាក់មុខបន្តិចដែរ ដោយសារតែអវត្តមានរបស់ ត្រាំ តែក៏បានរីកមុខវិញដោយសារមានវត្តមាន ពូទីន ចូលមកបំពេញ។
អ្នកខ្លះយល់ថា ចិននិងអាមេរិកបានកូរអាស៊ានមិនតិចទេ នៅក្នុងសាច់រឿងសមុទ្រចិនខាងត្បូងនាពេលកន្លងមកនេះ ហើយរុស្ស៊ី ត្រូវតាមមើលសិនទម្រាំពេលវេលាសមរម្យ ដើម្បីនឹងចូលក្នុងសៃវៀនប្រដាល់ជាមួយមហាអំណាចធំពីរនេះ។ តែសម្រាប់អ្នកតាមដានកិច្ចការក្នុងតំបន់វិញ យល់ថាមកពីឆ្នាំនេះ ជាឆ្នាំគម្រប់ខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងសឹង្ហបុរីនិងរុស្ស៊ី ចំពេលសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះ ហើយរុស្ស៊ី និងសឹង្ហបុរីមានកិច្ចព្រមព្រៀងថ្មីមួយចំនួនដើម្បីចុះហត្ថលេខាជាមួយគ្នា។
គេក៏នៅចាំដែរថា នាយករដ្ឋមន្រ្តីសឹង្ហបុរីសព្វថ្ងៃ លោក លី សៀនឡុង ត្រូវបានបិតា លោក លី ក្វាន់យូ កាលនៅមានជីវិតបានផ្តាំកូនឱ្យរៀនភាសារុស្ស៊ី រហូតដល់ លី សៀនឡុង ប្រឹងរៀនអាចចេះសន្ទនាជាមួយលោក ពូទីន បាន។ លោក លី សៀនឡុង ចេះនិយាយបាន៤ភាសា (អង់គ្លេស ចិន ម៉ាឡេ និងរុស្ស៊ី)។
៥៖ បបរកង្កែបនៅតំបន់ភ្លើងក្រហម
ដោយសារតែបបរកង្កែបសឹង្ហបុរីកំពុងពេញនិយមគួរសមនៅភ្នំពេញ ខ្ញុំក៏ចង់សាកល្បងភ្លក្សរសជាតិដើម។ នៅពេលដែលខ្ញុំប្រាប់អ្នកបើកតាក់ស៊ីឲ្យជូនខ្ញុំទៅកន្លែងញាំបបរកង្កែប គាត់ក៏សួរខ្ញុំថា ទៅបបរកង្កែបរស់ ឬបបរកង្កែបក្នុងឆ្នាំង? សំណួរគាត់បានធ្វើឲ្យខ្ញុំឆ្ងល់ហើយក៏បង្កើតជាសំណួរតបវិញភ្លាមអំពីភាពខុសគ្នា។ ពេលដែលខ្ញុំទៅដល់ទើបដឹងថា បបរកង្កែបនៅតំបន់ហ្គេយឡាំង (Geylang) បានទាក់ទាញភ្ញៀវទេសចរមិនធម្មតាឡើយ ពោលគឺពិតជាមានកង្កែបពីរប្រភេទមែន ប៉ុន្តែអ្វីដែលគួរស្វែងយល់នោះគឺបើចូលខុសផ្លូវអាចត្រូវម្ចាស់ផ្ទះជេរ ពីព្រោះថាសឹង្ហបុរីបានកំណត់តំបន់ផ្លូវភ្លើងក្រហមច្បាស់ណាស់ គឺក្នុងរង្វង់ប្រហែលមួយគីឡូម៉ែត្រក្រឡា ហើយសុទ្ធតែជាផ្លូវលេខគូ (១៦ ១៨ ២០...) ក្នុងចំណោមនោះមានផ្លូវលេខ១៦ ជាផ្លូវសម្រាប់អ្នករកសេវាកំសាន្តនារីកែភេទពីប្រុសមកស្រី (សូមបុរសៗប្រយ័ត្ន)។
៦៖ នាយករដ្ឋមន្រ្តីថៃញញឹមខ្ជឹប៖ វាសនាអតីមេទ័ពបានត្រឹមទទួលញញួរ
នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan O-cha ញញឹមខ្ជឹប បន្ទាប់ពីបានទទួលតំំណែងធ្វើជាម្ចាស់ផ្ទះអាស៊ានសម្រាប់ឆ្នាំ២០១៩ បន្តពីសឹង្ហបុរី។ ជាមួយនឹងការញញឹមមួយភ្លែតនៅ ឯពិធីផ្ទេរតំណែងជូនញញួរជានិមិត្តរូបដោយនាយករដ្ឋមន្រ្តីសឹង្ហបុរី លោកប្រាយុទ្ធក៏បានដឹងខ្លួនហើយថា លោកមិនអាចមានវាសនាអង្គុយ ឬឈរជាមួយមេដឹកនាំអាស៊ាន ឬជាមួយមេដឹកនាំផ្សេងៗទៀត នៅពេលដែលថៃធ្វើជាម្ចាស់ផ្ទះនោះទេ ពីព្រោះការពន្យាពេលនៃការបោះឆ្នោតជាច្រើនលើកកន្លងមកនេះមិនអាចធ្វើទៀតបានឡើយ ពោលគឺនឹងមានរដ្ឋាភិបាលស៊ីវិលមួយនឹងលេចចេញក្រោយការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះហើយ។
៧៖ លោកស្រី Aung San Suukyi ធ្លាក់យីអ៊ុន
បញ្ហានៅភូមាទាក់ទងនឹងជនភៀសខ្លួនរូហ៊ីងយ៉ា និងសិទ្ធិមនុស្ស ត្រូវបានគេនាំគ្នាលើកយកមកនិយាយស្ទើរគ្រប់វេទិការប្រជុំទាំងអស់ ធ្វើឱ្យលោកស្រី ស៊ូជី ដែលធ្លាប់តែជាតារាមួយឌួងធ្លាក់យីអ៊ុនយ៉ាងខ្លាំង បើទោះបីជាលោកស្រីខំប្រឹងព្យាយាមពន្យល់យ៉ាងណាក៏ដោយ។
៨៖ បណ្តាំរបស់ លោក Lee Hsien Loong
នៅមុនកិច្ចប្រជុំត្រូវបានបញ្ចប់ លោក Lee Hsien Loong ក្នុងនាមម្ចាស់ផ្ទះបានផ្តាំថា សូមត្រឡប់ទៅវិញដោយការបំភ្លេចមិនបាននូវម្ហូបដ៏ឆ្ងាញ់របស់សឹង្ហបុរី។ ប្រទេសកោះដ៏តូចមួយនេះ បានព្យាយាមផ្សព្វផ្សាយម្ហូបផ្សេងៗដល់ភ្ញៀវ ជាពិសេសម្ហូបបួនមុខរបស់ខ្លួន៖ បាយមាន់ (Chatterbox) បាយឆ្អឹងជំនីជ្រូកស្ងោរ (Bak Kut Teh) នំបញ្ចុកការី (Laksa) និងក្តាមឆាម្ទេស (Chilli Crab)៕
ប្រភព៖ Facebook របស់លោក Puy Kea