(ញូដេលី)៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះស៊ីក្លូនមួយឈ្មោះថា Gaja ដែលបានបោកបក់មកលើឆ្នេរភាគខាងកើតប្រទេសឥណ្ឌាកាលពីប៉ុន្មានថ្ងៃមុន បានកើនដល់៣៣នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ព្យុះស៊ីក្លូន Gaja ដែលមានកម្លាំងខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើដំណើរមករដ្ឋ Tamil Nadu បន្ទាប់ពីពីវាបានបោកបក់ដល់ឆ្នេរភាគខាងកើតឥណ្ឌាកាលពីថ្ងៃសុក្រកន្លងទៅ ហើយដើមឈើរាប់ពាន់ដើមបានដួលរលំ លំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ ខណៈប្រជាជនឥណ្ឌាខ្ទង់ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីជម្រកសុវត្ថិភាព។
ក្នុងចំណោមអ្នកស្លាប់រួមមានបុរស២០នាក់ ស្រ្តី១១នាក់ និងកុមារ០២នាក់ ដោយក្រុមគ្រួសារនៃជនរងគ្រោះម្នាក់ៗនឹងទទួលបានថវិកាឧបត្ថម្ភចំនួន១៤,០០០ដុល្លារ។
គួរជម្រាបថា Gaja គឺជាព្យុះកំណាចទីពីរហើយ ដែលបានវាយលុកលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសឥណ្ឌា នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីព្យុះស៊ីក្លូន Titli ដែលបានបោកបក់លើរដ្ឋ Odisha និងផ្តាច់ជីវិតមនុស្សយ៉ាងតិច០២នាក់កាលពីខែតុលា៕