(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងទទួលបានរបាយការណ៍គ្រប់ជ្រុងជ្រោយមួយទាក់ទិនករណីឃាតកម្មអ្នកកាសែត Jamal Khashoggi ក្នុងពេលពីរថ្ងៃទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងកំពុងសិក្សាករណីនេះល្អិតល្អន់បំផុត ដោយវាជារឿងអាក្រក់មួយដែលបានកើតឡើង គឺការសម្លាប់អ្នកសារព័ត៌មានម្នាក់។ យើងនឹងមានរបាយការណ៍ពេញលេញគ្រប់ជ្រុងជ្រោយមួយក្នុងពេលពីរថ្ងៃទៀត គឺប្រហែលជានឹងទទួលបាននៅថ្ងៃចន្ទនិងអង្គារខាងមុខនេះហើយ»។
បន្ថែមពីនេះ លោក ត្រាំ ក៏បានច្រានចោលសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត Washington Post ជាកន្លែងដែលលោក Khashoggi បម្រើការថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានសន្និដ្ឋានចុងក្រោយឃើញថា ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាអ្នកបញ្ជាឲ្យក្រុមឃាតកសម្លាប់លោក Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា៕