(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ាក់និងអ៊ីរ៉ង់នាថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រកាសជាថ្មីម្តងទៀត អំពីការប្តេជ្ញាពង្រឹងទំនាក់ទំនងជាបងប្អូនឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត នៅចំពោះមុខសម្ពាធទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការប្តេជ្ញាក៏ដូចជាអំពាវនាវពង្រឹងចំណងទាក់ទងនៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងឱកាស ជួបពិភាក្សាគ្នារវាងប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih និងប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅឯរដ្ឋធានីតេហេរ៉ង់។
គួរជម្រាបថា ជំនួបរវាងមេដឹកនាំអ៊ីរ៉ាក់និងអ៊ីរ៉ង់ បានកើតមានឡើង ប្រមាណជាពីរសប្តាហ៍ក្រោយ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មដែលធ្លាប់ដកចេញនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ទៅលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ឡើងវិញ៕