(វ៉ាស៊ីនតោន)៖ សាកសពជនរងគ្រោះ០៥នាក់ទៀតត្រូវបានរកឃើញ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបដោយសារមហន្តរាយភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិកបន្តកើនដល់៧៦នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
អាជ្ញាធរអាមេរិកបានឲ្យដឹងថា មនុស្សចំនួន៧១៤នាក់ត្រូវរកឃើញថាពុំបានជួបគ្រោះថ្នាក់អ្វីឡើយ បន្ទាប់ពីមានការវាយប្រហារដោយភ្លើងឆេះព្រៃ និងត្រូវបានលុបឈ្មោះចេញពីបញ្ជីអ្នកបាត់ខ្លួនវិញ ខណៈចំនួនមនុស្សដែលគេរាយការណ៍ថាបាត់ខ្លួនក្នុងករណីភ្លើងឆេះសម្លាប់មនុស្សច្រើនបំផុតនៅរដ្ឋកាលីហ្វរញ៉ានេះ បានកើនដល់១,២៧៦នាក់។
គួរជម្រាបថា បច្ចុប្បន្នរដ្ឋកាលីហ្វរញ៉ា កំពុងរងរងគ្រោះខ្លាំងដោយភ្លើងឆេះព្រៃធំៗមួយចំនួន ដែលបានដុតបំផ្លាញផ្ទៃដីនិងសំណង់អគាររាប់ពាន់ខ្នង គិតចាប់តាំងតែពីសប្តាហ៍មុន ហើយភ្លើងឆេះព្រៃ Camp Fire នៅភាគខាងជើង បានក្លាយជាភ្លើងឆេះព្រៃដ៏អាក្រក់និងសម្លាប់មនុស្សច្រើនបំផុតប្រចាំរដ្ឋ៕