(ប៊ុយណូសអ៊ែរែស)៖ ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានប្រកាសកាន់ទុក្ខរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃអាទិត្យនេះតទៀត ជុំវិញការបាត់បង់ជីវិតរបស់ក្រុមនាវិកជាង៤០នាក់នៃនាវាមុជទឹក San Juan ដែលទើបត្រូវអាជ្ញាធររកឃើញទីតាំង ក្រោយពីបានបាត់បង់ខ្លួនអស់មួយឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នានេះ លោកប្រធានាធិបតីអាហ្សង់ទីន ក៏បានសម្តែងការអរគុណចំពោះប្រទេសទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរុករកនាវាខាងលើផងដែរ។ បើតាមយោធាជើងទឹកអាហ្សង់ទីន នាវា San Juan ត្រូវបានរកឃើញជាមួយសញ្ញាដែលបង្ហាញថាវាបានជួបហេតុការណ៍ផ្ទុះ។
គួរជម្រាបថា នាវាមុជទឹកខាងលើដែលផ្ទុកនាវិក៤៤នាក់ បានបាត់ដំណឹងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីវាបានរាយការណ៍ថាមានបញ្ហាផ្នែកបច្ចេកទេស ហើយប្រតិបត្តិការរុករកនាវានេះ មានការប្រើប្រាស់ឧបករណ៍និងក្រុមការងារមកពីប្រទេសដទៃជាច្រើន៕