(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅឆ្នាំ២០១៩ខាងមុខនេះ តបតាមការអញ្ជើញពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom លោក ស៉ី ជិនពីង បានប្រាប់
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ថាលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅឆ្នាំ២០១៩ ខាងមុខនេះ ហើយមិនតែប៉ុណ្ណោះលោកក៏មានបំណងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល នៅឆ្នាំក្រោយនេះដែរ បើពេលវេលាអំណោយផល។
សូមជម្រាបថា លោក ស៉ី ជិនពីង និងលោក មូន ជែអ៊ីន បានជួបប្រជុំគ្នាក្នុងជំនួបទ្វេភាគីមួយ នាឱកាសមេដឹកនាំទាំងពីរចូលរួម ក្នុងកិច្ចប្រជុំ APEC ក្នុងប្រទេស Papua New Guinea នៅថ្ងៃសៅរ៍នេះ៕