(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតក្រុមតារាវិទូ​បានរកឃើញ ភពផែនដីយក្ស ឬ Super Earth មួយទៀត​ហើយ ដែលកំពុងតែធ្វើគោចរ​នៅជុំវិញផ្កាយមួយ ស្ថិតនៅក្បែរព្រះអាទិត្យ​របស់យើង ក្នុងរយៈចម្ងាយ​ប្រហែលតែ ៦ឆ្នាំពន្លឺប៉ុណ្ណោះ៕

 

២៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៉ីបានឱ្យដឹងថា នាវាដឹកជញ្ជូន​ជាច្រើន​គ្រឿង​មានផ្ទុក​ទៅ​ដោយឧស្ម័ន LNG មកពីរោងចក្រផលិត​ឧស្ម័ន LNG របស់រុស្ស៊ី​ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក​ហើយ នៅក្នុងបរិបទ​ដែលទីក្រុងវ៉ាស៊ីនតោន​ទទូចឱ្យ​សហភាពអឺរ៉ុប​បញ្ឈប់ការ​ទិញឧស្ម័នពី​ទីក្រុងម៉ូស្គូ៕

 

៣៖ ​ក្រោយរយៈពេល​មួយឆ្នាំគត់ នៅទីបំផុតនាវាមុជទឹក ARA San Juan ត្រូវបានក្រុមអ្នករុករកអាហ្សង់ទីន រកឃើញកន្លែងដែលវាកំពុងស្ថិតនៅហើយ និងត្រៀម​កម្លាំង​ដើម្បីចុះទៅកាន់ទីនោះ ដើម្បីពិនិត្យស្ថានភាព​ជាក់ស្តែង៕

 

៤៖ អនុប្រធានាធិបតីអាមេរិក​លោក ម៉ៃក៍ ភែន (Mike Pence) នៅថ្ងៃសៅរ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក​នឹងមិនបញ្ឈប់​សង្រ្គាមពាណិជ្ជកម្មជា​មួយចិនឡើយ រហូតទាល់តែ​ទីក្រុងប៉េកាំង ផ្លាស់ប្ដូរគោល​នយោបាយពាណិជ្ជកម្ម​របស់ខ្លួនក្នុងពេលបច្ចុប្បន្ន​ជាមុនសិន។

 

៥៖ ចំនួនសាកសព​ជនរងគ្រោះ​​ដែលត្រូវបានរកឃើញ គឺកើនឡើងដល់៧១នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃ​​នៅភាគខាង​ជើងរដ្ឋ​កាលីហ្វរញ៉ា ខណៈមនុស្ស១០១១នាក់ទៀតបានបាត់ខ្លួន៕

 

៦៖ គ្រោះធម្មជាតិ​រញ្ជួយដីបន្ថែមក្នុងកម្រិត ៥.១រ៉ិចទ័រ និង ៥.៥រ៉ិចទ័រ បានកើត​មានឡើងនារយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើស្រុក​ម៉ាម៉ាសា (Mamasa) នៃខេត្តស៊ូឡាវ៉េស៊ី​ខាងលិច នៃប្រទេស​ឥណ្ឌូណេស៊ី និងបានផ្តាច់​ជីវិតមនុស្ស ០៧នាក់ ខណៈមនុស្ស​ជាង ៨,០០០នាក់ កំពុងស្នាក់នៅ​ជម្រកបណ្តោះ​អាសន្ន ក្រោយតំបន់​ដែលពួកគេ​រស់នៅ មួយភាគត្រូវ​បានដីបាក់រលំសង្កត់ពីលើ៕