(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយដីបន្ថែមក្នុងកម្រិត ៥.១រ៉ិចទ័រ និង ៥.៥រ៉ិចទ័រ បានកើតមានឡើងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើស្រុកម៉ាម៉ាសា (Mamasa) នៃខេត្តស៊ូឡាវ៉េស៊ីខាងលិច នៃប្រទេសឥណ្ឌូណេស៊ី និងបានផ្តាច់ជីវិតមនុស្ស ០៧នាក់ ខណៈមនុស្សជាង ៨,០០០នាក់ កំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន ក្រោយតំបន់ដែលពួកគេរស់នៅ មួយភាគត្រូវបានដីបាក់រលំសង្កត់ពីលើ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ត្រីឥណ្ឌូណេស៊ីបានបញ្ជាក់ប្រាប់ស៊ីនហួរតាមទូរស័ព្ទថា លំនៅឋានយ៉ាងហោចណាស់ក៏ ៨ខ្នងដែរ ត្រូវបានល្បាប់ដីហូរមកសង្កត់ពីលើ ក្រោយតំបន់នោះបានទទួលរងគ្រោះរញ្ជួយដីកម្រិតមធ្យមជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អាជ្ញាធរឥណ្ឌូណេស៊ីបានបង្ខំចិត្តជម្លៀសប្រជាជនជាង ៨,០០០នាក់ក្នុងស្រុកម៉ាម៉ាសា ទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយសារតែតំបន់ដែលពួកគេរស់នៅកំពុងប្រឈមមុខនឹងការបាក់ដីជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ខេត្តស៊ូឡាវ៉េស៊ីខាងលិចដែលទើបរងគ្រោះថ្មីនេះ គឺជាប់ព្រំដែនជាមួយនឹងខេត្តស៊ូឡាវ៉េស៊ីកណ្តាល ដែលទើបតែបានទទួលរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិយ៉ាងធ្ងន់ធ្ងរកាលពីខែកញ្ញា ដោយបានបណ្តាលឲ្យមនុស្សស្លាប់ជាង ២,០០០នាក់៕