(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងហោចណាស់ ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់យោធាអាហ្វហ្គានីស្ថាន នៅក្នុងស្រុកខូកៀនី (Khogiani) នៃខេត្តណាងហ្គាហា (Nangarhar) ភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាហ្វហ្គានីស្ថាន គ្មានជនស៊ីវិល ឬក៏យោធាណាម្នាក់រងរបួសនោះទេ នៅក្នុងប្រតិបត្តិការយោធា កាលពីយប់ ថ្ងៃសុក្រ ហើយបច្ចុប្បន្នកងកម្លាំងសន្តិសុខ កំពុងបន្តការវាយលុកទៅលើ មូលដ្ឋានតាលីបង់ជាច្រើននៅក្នុងខេត្ត Nangarhar។
គួរបញ្ជាក់ថា ប្រតិបត្តិការយោធារបស់កងកម្លាំងអាហ្វហ្គានីស្ថានមានគោលដៅទៅលើតំបន់ ហ្សាវី (Zawi) ស្ថិតនៅក្នុងស្រុក Khogiani ហើយក្រៅតែពីចំនួនអ្នកស្លាប់ ក្រុមសកម្មប្រយុទ្ធតាលីបង់ជាច្រើននាក់ក៏បានរងរបួស រីឯមូលដ្ឋានសំខាន់ចំនួន ០៥ របស់ក្រុមសកម្មប្រយុទ្ធមួយនេះ ត្រូវបានបំផ្លាញផងដែរ៕