(ម៉ាឌ្រីត)៖ ទីបំផុតក្រុមតារាវិទូបានរកឃើញ ភពផែនដីយក្ស ឬ Super Earth មួយទៀតហើយ ដែលកំពុងតែធ្វើគោចរនៅជុំវិញផ្កាយមួយ ស្ថិតនៅក្បែរព្រះអាទិត្យរបស់យើង ក្នុងរយៈចម្ងាយប្រហែលតែ ៦ឆ្នាំពន្លឺប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ភពយក្សខាងលើនេះ ត្រូវរកឃើញនៅក្នុងប្រព័ន្ធផ្កាយ Barnard ដែលជាផ្កាយមានទំហំតូចជាងព្រះអាទិត្យរបស់យើង និងមានចម្ងាយ ៦ឆ្នាំពន្លឺពីផែនដី (មួយឆ្នាំ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ហើយបើតាមគម្លាតពីភពយក្សនេះពីផ្កាយរបស់វានោះ យើងអាចគណនាបានថា វាប្រាកដជាគ្របដណ្តប់ដោយទឹកកក ឬក៏ទទួលបានពន្លឺពីព្រះអាទិត្យវាតិចតួច ខណៈទម្ងន់របស់វា គឺធ្ងន់ជាងផែនដីយើង ៣.២ដងឯណោះ។
ជុំវិញការរកឃើញខាងលើនេះ លោក Ignasi Ribas អ្នកសិក្សាតារាសាស្ត្រនៃវិទ្យាស្ថាន Catalonia ប្រទេសអេស្ប៉ាញបានប្រាប់ AFP ថា «វាពិតជាសំខាន់ក្នុងការសិក្សាអំពីភពនេះ ព្រោះវាគឺជាអ្នកជិតខាងរបស់យើង ហើយយើងក៏ចង់ធ្វើទស្សនកិច្ចទៅកាន់អ្នកជិតខាងរបស់យើងផងដែរ។ វាស្ថិតនៅតំបន់មិនអំណោយផលនោះឡើយ ដូច្នេះវាគ្មានទឹករវាវ ឬសូម្បីជីវិតអ្វីមួយនោះឡើយ...។»
សម្រាប់ភពថ្មីទើបត្រូវបានរកឃើញនេះ ទំនងជាមានឈ្មោះថា Barnard D ហើយវាធ្វើគោចរជុំវិញផ្កាយវាមួយជុំ ដោយប្រើប្រាស់ពេល ២៣៣ថ្ងៃ។ ដោយសារពន្លឺថ្ងៃដែលវាទទួលបានតិចជាង ២ ទៅ ៣ដង បើធៀបនឹងផែនដីយើងនោះ អាកាសធាតុនៅលើភពនេះអាចមានកម្រិតរហូតដល់ -170 អង្សាសេ ហើយបើយើងឧទាហរណ៍ថា វាមានទឹកនៅលើផ្ទៃរបស់វានោះ វាក៏អាចជាទឹកកកដែរ គឺមិនមែនទឹករាវដូចជានៅលើផែនដីឡើយ។
គួរបញ្ជាក់ថា ពីដើមឡើយប្រព័ន្ធផ្កាយ Barnard ត្រូវបានក្រុមតារាវិទូអះអាងថា មានភពតែចំនួន ០៣ ប៉ុណ្ណោះគោចរជុំវិញវា ហើយការរកឃើញភពថ្មីទៀតពេលនេះ គឺបានធ្វើឲ្យប្រព័ន្ធនេះមានភពកើនឡើងដល់ទៅ ០៤ ក្នុងនោះភពពីរមានទំហំប៉ុនភពព្រហស្បតិ៍របស់យើង ខណៈផ្កាយ Barnard វិញមានទំហំធំជាងភពព្រហស្បតិ៍យើងប្រហែល ០៣ដង។ ដោយឡែកប្រព័ន្ធផ្កាយដែលនៅជិតផែនដីបំផុត គឺ Alpha Centauri ក្នុងរយៈចម្ងាយ ៤.៤ឆ្នាំពន្លឺ៕