(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីបានឱ្យដឹងថា នាវាដឹកជញ្ជូនជាច្រើនគ្រឿងមានផ្ទុកទៅដោយឧស្ម័ន LNG មកពីរោងចក្រផលិតឧស្ម័ន LNG របស់រុស្ស៊ី បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ នៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនទទូចឱ្យសហភាពអឺរ៉ុបបញ្ឈប់ការទិញឧស្ម័នពីទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើទោះជាមានការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានជាសាធារណ ពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏ឧស្ម័នធម្មជាតិរុស្ស៊ី LNG ត្រូវបានផ្គត់ផ្គង់ដោយជោគជ័យ ទៅកាន់សហរដ្ឋអាមេរិកហើយ...»។ លោកស្រីបានបន្ថែមថា នាវាដឹកជញ្ជូនចំនួនបីគ្រឿងដែលមានផ្ទុកឧស្ម័ន LNG មកពីរោងចក្រឧស្ម័នរុស្ស៊ី Yamal LNG បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានបន្ទោសសហភាពអឺរ៉ុប ជាពិសេសគឺអាល្លឺម៉ង់ជាច្រើនលើក ជុំវិញការទិញឧស្ម័នពីរុស្ស៊ីដោយអះអាងថា អឺរ៉ុបទាំងមូលនៅតែបន្តពឹងផ្អែកតែទៅលើឧស្ម័នរុស្ស៊ី៕