(ប៊ុយណូសអ៊ែរែស)៖ ក្រោយរយៈពេលមួយឆ្នាំគត់ នៅទីបំផុតនាវាមុជទឹក ARA San Juan ត្រូវបានក្រុមអ្នករុករកអាហ្សង់ទីន រកឃើញកន្លែងដែលវាកំពុងស្ថិតនៅហើយ និងត្រៀមកម្លាំងដើម្បីចុះទៅកាន់ទីនោះ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាវាមុជទឹក ARA San Juan មានផ្ទុកនាវិកសរុប ៤៤នាក់ បានបាត់ខ្លួនដោយអាថ៌កំបាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីមានសេចក្ដីរាយការណ៍ថា នាវាមុជទឹកនេះ មានបញ្ហាបច្ចេកទេសនៅឯឈូងសមុទ្រ ផាតាហ្គោនៀ (Patagonia)។ កាលណោះក្រុមអ្នកជួយសង្រ្គោះអន្តរជាតិ បានបរាជ័យក្នុងការកំណត់ទីតាំងដែលនាវាមុជទឹកនេះស្ថិតនៅ ហើយក៏សម្រេចផ្អាកសកម្មភាពរួមគ្នា ក្នុងការស្វែងរកតែម្តង។
ទោះជាបែបនេះក្ដី កងនាវាអាហ្សង់ទីននៅតែបន្តការស្វែងរករបស់ពួកគេ នៅឯតំបន់នាវានេះបាត់ខ្លួនដដែល រហូតដល់មួយឆ្នាំមកនេះទើបប្រទេសអាមេរិកខាងត្បូងមួយនេះបានអះអាងជាផ្លូវការថា ខ្លួនពិតជារកឃើញទីតាំងដែលនាវាមុជទឹក ARA San Juan កំពុងស្ថិតនៅប្រាកដមែន។
គួរបញ្ជាក់តាមក្រុមជំនាញអាហ្សង់ទីនថា បច្ចុប្បន្ននេះនាវាមុជទឹក ARA San Juan កំពុងស្ថិតនៅក្នុងជម្រៅទឹក ៨០០ម៉ែត្រ នៅក្បែរឧបទ្វីបវ៉ាល់ដែស (Valdes) នៃឈូងសមុទ្រផាតាហ្គោនៀ ភាគនិរតីមហាសមុទ្រអាត្លង់ទិក។ សេចក្តីប្រកាសត្រូវបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីរដ្ឋាភិបាលអាហ្សង់ទីន បានប្រារព្ធខួបមួយឆ្នាំគត់ នៃការបាត់ខ្លួននាវាមុជទឹក និងនាវិកទាំង ៤៤នាក់នោះ៕