(ផតម៉ូរែស្បាយ)៖ អំឡុងនៃការចូលរួមក្នុងកិច្ចប្រជុំកំពូល នៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងរដ្ឋធានីផតម៉ូរែស្បាយ (Port Moresby) នៃប្រទេសប៉ាពួញូហ្គីណេ ប្រធានធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងបែបព្រមានចំពោះការកើនឡើងនៃគំនិតគាំពារនិយម និងឯកតោភាគីនិយម ដែលជាប្រការគ្រោះថ្នាក់បំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការព្រមានរបស់ប្រមុខដឹកនាំចិនខាងលើនេះ ធ្វើឡើងនៅក្នុងអំឡុងនៃការថ្លែងសុន្ទរកថាគន្លឹះ នៅឯកិច្ចប្រជុំកំពូលគណៈ CEO នៃវេទិកា APEC នៅក្នុងរដ្ឋធានីនៃប្រទេសប៉ាពួញូហ្គីណេ។ លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា មានតែការបើកទូលាយ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្នានឹងគ្នាប៉ុណ្ណោះ ទើបអាចបង្កើតចេញនូវឱកាស និងចន្លោះបន្ថែមជាច្រើនទៀត សម្រាប់ការអភិវឌ្ឍ។
គួរបញ្ជាក់ថា ទោះបីជាលោក ស៊ី ជិនពីង មិនបានលើកឡើងចំៗឈ្មោះក៏ដោយ ក៏គ្រប់គ្នាបានដឹងហើយថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងតែបង្កព្យុះភ្លៀងផ្នែកពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយប្រទេសចិន តាមរយៈការបង្កើនពន្ធនាំចូលលើទំនិញចិនរាប់ពាន់លានដុល្លាររួចមកហើយ នៅអំឡុងឆ្នាំ២០១៨ នេះតែម្តង ហើយនេះជាទង្វើបែបគាំពារនិយម និងឯកតោភាគីនិយម ដែលចិនចង់លើកឡើងចំពោះមុខអន្តរជាតិ។
យ៉ាងណាក៏ដោយប្រធានាធិបតីចិននៅក្នុងកិច្ចប្រជុំ APEC បានអំពាវនាវបន្ថែមទៀតឲ្យគ្រប់ប្រទេសទាំងអស់ ប្រឹងប្រែងការពារនូវប្រព័ន្ធធ្វើពាណិជ្ជកម្មពហុភាគី និងអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយនិរន្តរភាព៕