(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានធ្វើការព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ បុគ្គលិករបស់ខ្លួនពីការបរាជ័យ ដោយរំលឹកពីការក្ស័យធនរបស់ក្រុមហ៊ុន Sears ដែលជាគូប្រជែងធំមួយនៃក្រុមហ៊ុន Amazon ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Bezos ដែលបច្ចុប្បន្នជាអ្នកមានជាងគេនៅលើពិភពលោកបានឱ្យដឹងថា សព្វថ្ងៃ ក្រុមហ៊ុន Amazon មានទ្រព្យ១ទ្រីលានដុល្លារ (១ពាន់ពាន់លានដុល្លារ) ប៉ុន្តែក្រុមហ៊ុនមួយនេះអាចនឹងពើបប្រទះការបរាជ័យក៏ថាបាន។ លោក Bezos បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ CNBC នៅក្នុងសប្ដាហ៍នេះយ៉ាងដូច្នេះថា «ជាការពិតណាស់! ខ្ញុំអាចព្យាករណ៍ថា នៅថ្ងៃណាមួយ Amazon នឹងបរាជ័យ ហើយអាចក្ស័យធនក៏ថាបាន... បើសិនជាអ្នកក្រឡេកមើលបណ្ដាក្រុមហ៊ុនធំៗ ពេលវេលារបស់ពួកគេមានរយៈពេលលើស ៣០ឆ្នាំប៉ុណ្ណោះ មិនមែនលើស ១០០ឆ្នាំនោះទេ»។
គួរជម្រាបថា បើតាមលោក Jeff Bezos ដើម្បីគេចផុតពីជោគវាសនាដូចក្រុមហ៊ុន Sears ដែលបានប្រកាសក្ស័យធន កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុន Amazon ត្រូវតែយកចិត្តអតិថិជនឱ្យបានកាន់តែច្រើន៕