(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) នៅថ្ងៃសៅរ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ឈប់សង្រ្គាមពាណិជ្ជកម្មជាមួយចិនឡើយ រហូតទាល់តែទីក្រុងប៉េកាំង ផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនក្នុង
ពេលបច្ចុប្បន្នជាមុនសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការកត់សម្គាល់បែបនេះរបស់ លោក Pence ធ្វើឡើងនៅឯកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសប៉ាពួញូហ្គីណេ។ នាឱកាសនោះអនុប្រធានាធិបតីអាមេរិករូបនេះក៏បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនលុបចោលការតំឡើងពន្ធលើផលិតផលចិនជាដាច់ខាត បើសិនជាទីក្រុងប៉េកាំង មិនព្រមប្ដូរគោលនយោបាយពាណិជ្ជកម្មទេនោះ។
លោក Pence បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងបានសម្រេចចិត្តធ្វើសកម្មភាព ដើម្បីដោះស្រាយអតុល្យភាពរបស់យើងជាមួយចិន តាមរយៈការតំឡើងពន្ធ ២៥០ពាន់លានដុល្លារ លើផលិតផលនានារបស់ចិន... ហើយ យើងអាចនឹងតំឡើងពន្ធនេះទេ្វដងតទៅទៀត បើសិនជាចិនមិនព្រមប្ដូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនក្នុងពេលបច្ចុប្បន្នទេនោះ»។
គួរជម្រាបថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងត្រូវលើកយកទៅពិភាក្សា នាឱកាសដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៉ី ជិនពីង ត្រូវជួបប្រជុំគ្នាក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ។ ប៉ុន្តែទន្ទឹមគ្នាអ្នកជំនាញខ្លះយល់ថា មានសង្ឃឹមតិចតួចណាស់ដែលមេដឹកនាំទាំងពីរអាចរកដំណោះស្រាយរួមគ្នាមួយ ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម៕