(វ៉ាស៊ីនតោន)៖ ចំនួនសាកសពជនរងគ្រោះដែលត្រូវបានរកឃើញ គឺកើនឡើងដល់៧១នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ខណៈមនុស្ស១០១១នាក់ទៀតបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមបញ្ជាក់ពីអាជ្ញាធរអាមេរិក សាកសពចំនួន០៨នាក់ទៀត ត្រូវបានរកឃើញនាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដែលនេះធ្វើឱ្យសាកសពមនុស្សសរុប៧១នាក់ ត្រូវបានប្រទះឃើញនៅក្បែរ និងក្នុងទីក្រុងផារ៉ាដាយស៍ (Paradise) ដែលបានទទួលរងការបំផ្លិចបំផ្លាញជាខ្លាំងដោយមហន្តរាយភ្លើងឆេះព្រៃខាងលើ។
គួរជម្រាបថា ភ្លើងឆេះព្រៃឈ្មោះថា Camp Fire រហូតមកទល់ពេលនេះ នៅតែត្រូវចាត់ទុកជា គ្រោះអាសន្នធំបំផុតមួយដដែល ខណៈភ្នាក់ងារពន្លត់អគ្គីភ័យជិត ៥,៥០០នាក់ កំពុងព្យាយាមពន្លត់វាឲ្យបានទាំងស្រុង។ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ផ្ទៃដីប្រមាណ ១៤២,០០០ហិកតា ត្រូវបានឆាបឆេះ និងផ្ទះ៩,៧០០ខ្នងត្រូវបានបំផ្លាញ៕