(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាលោកនឹងដើរចេញពីសន្និសីទទាំងឡាយ នៅពេលអនាគត បើសិនជាអ្នកសារព័ត៌មានទាំងអស់មិនធ្វើសកម្មភាពប្រកបដោយក្រមសីលធម៌ទេនោះទេ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់លោក ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយតុលាការក្នុងទីក្រុងវ៉ាស៉ីនតោន ឌីស៊ី (Washington DC) បានបង្គាប់ឱ្យសេតវិមានប្រគល់ប័ណ្ណចូលយកព័ត៌មានក្នុងសេតវិមានឱ្យអ្នកកាសែត CNN លោក Acosta វិញ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាពួកគេ (អ្នកសារព័ត៌មាន) មិនស្ដាប់ ឬមិនធ្វើតាមច្បាប់ និងបញ្ជាទេ នោះយើងនឹងប្ដឹងឡើងតុលាការវិញ ហើយយើងនឹងឈ្នះ...ប៉ុន្តែរឹតតែសំខាន់ជាងនេះទៅទៀត យើងនឹងដើរចេញ ពីសន្និសីទសារព័ត៌មាន បើអ្នកនៅតែមិនធ្វើសកម្មភាពប្រកបដោយក្រមសីលធម៌»។
គួរបញ្ជាក់ថា តុលាការក្នុងទីក្រុងវ៉ាស៉ីនតោន ឌីស៊ី (Washington DC) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្គាប់ឱ្យសេតវិមាន ប្រគល់បណ្ឌចូលយកព័ត៌មានក្នុងសេតវិមានឱ្យអ្នកកាសែត CNN លោក Acosta វិញ តបតាមពាក្យបណ្ដឹងរបស់សារព័ត៌មាន អាមេរិកមួយនេះ។ លោក Acosta ត្រូវបានសេតវិមានដកហូតបណ្ឌអនុញ្ញាតនេះ បន្ទាប់ពីប៉ះទង្គិចសម្ដីជាមួយលោក ដូណាល់ ត្រាំ នៅក្នុងសន្នីសីទមួយកាលពីសប្ដាហ៍មុន៕