(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារស៉ើបការណ៍សំងាត់អាមេរិក CIA បានធ្វើការសន្និដ្ឋានថា ព្រះអង្គម្ចាស់រាជទាយាតអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន គឺជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Jamal Khashoggi នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល កាលពីខែតុលា កន្លងទៅ។ នេះបើតាម Washington Post ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាសែត Washington Post នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក៏បាន បញ្ជាក់ដែរថា ក្រុមមន្ត្រីអាមេរិកជាច្រើននាក់សុទ្ធតែជឿជាក់លើការសន្និដ្ឋានរបស់ CIA ដែលនឹងបង្កភាពស្មុគស្មាញដល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការការពារទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែភ្លាមៗ ខាងសេតវិមាន និងក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយជុំវិញសេចក្ដីរាយការណ៍របស់កាសែត Washington Post នៅឡើយទេ។
គួររំលឹកថា លោក Jamal Khashoggi គឺជាកាសែត Washington Post និងជាអ្នករិះគន់ការដឹកនាំរបស់ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ។ ចំណែកឯ អារ៉ាប៊ីសាអូឌីតក៏បានទទួលស្គាល់ថាអ្នកកាសែតរូបនេះត្រូវបានគេសម្លាប់ដែរ តែបដិសេធថា ព្រះអង្គម្ចាស់ប៊ិន សាល់ម៉ាន មិនមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មនេះទេ ខណៈរហូតមកទល់នឹងពេលនេះសាកសព លោក Khashoggi មិនដឹងជានៅកន្លែងណាឡើយ៕