(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួននឹងធ្វើការដោះលែងជនជាតិអាមេរិកម្នាក់ ដែលត្រូវបានចាប់ខ្លួនក្រោយរូបគេបានចូលមកកាន់ប្រទេសកុម្មុយនិស្តមួយនេះដោយខុសច្បាប់ ខណៈដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិកហាក់កំពុងស្ថិតនៅក្នុងភាពរកាំរកូសឡើងវិញបន្តិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជនជាតិអាមេរិកដែលកូរ៉េខាងជើងអះអាងថា នឹងត្រូវដោះលែងខាងលើនេះមានឈ្មោះថា Brucce Byron Lowrance ត្រូវបានកូរ៉េខាងជើងចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែតុលា ថ្មីៗកន្លងទៅនេះប៉ុណ្ណោះ ដោយអាជ្ញាធរកូរ៉េខាងជើងបានបញ្ជាក់ថា រូបគេបានចូលមកកាន់ទឹកដីកូរ៉េខាងជើង ដោយគ្មានឯកសារបញ្ជាក់គ្រប់គ្រាន់នោះឡើយ។
តាមរយៈសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលបានចុះផ្សាយកាលពីពេលថ្មីនេះ ជនជាតិអាមេរិកឈ្មោះ Lowrance បានសារភាពចំពោះមុខសមត្ថកិច្ចកូរ៉េខាងជើងថា រូបគេគឺភ្នាក់ងារសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍ CIA នៃសហរដ្ឋអាមេរិក ដែលបានលួចចូលមកកូរ៉េខាងជើង ក្នុងន័យប្រមូលយកព័ត៌មានសម្ងាត់។ របាយការណ៍ពីកូរ៉េខាងជើងមិនបានបញ្ជាក់ថា Lowrance នឹងត្រូវដោះលែងនាពេលណា ឲ្យប្រាកដនោះឡើយ៕