(រ៉ូម)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានលើកឡើងថា កំពូលភ្នំភ្លើងយក្ស ខេមភី ផ្លេគ្រៃ (Campi Flegrei) ដែលមិនបានបញ្ចេញសកម្មភាព អស់រយៈពេលជិត ៥០០ឆ្នាំ មកហើយនោះ កំពុងតែត្រៀមខ្លួនបង្កភាពភ្ញាក់ផ្អើលឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
បន្ទាប់ពីការប្រមូលយកគំរូតាងនៃថ្ម រ៉ែ និងគ្រីស្តាល់ជាច្រើនពីតាំងធ្លាប់មានហេតុការណ៍ផ្ទុះចំនួន ២៣កន្លែង នៅភ្នំភ្លើង Campi Flegrei ក្រុមអ្នកស្រាវជ្រាវខាងលើបានបង្កើតចេញជារូបភាពមួយ កំណត់ពីដំណាក់កាលផ្សេងៗ ដែលភ្នំភ្លើងយក្សនេះបានឆ្លងកាត់នៅមុន និងក្រោយបន្ទុះនីមួយៗរបស់វា។
ការវិភាគសិក្សាទៅលើធាតុទាំងនោះ បានរកឃើញពីបម្រែបម្រួលសំខាន់ៗ នៅក្នុងកម្រិតសីតុណ្ហភាព និងបរិមាណទឹកនៃម៉ាក់ម៉ា (Magma) របស់ភ្នំភ្លើង ដោយធាតុរ៉ែមានការថយចុះ ស្របពេលដែលបរិមាណទឹកមានការកើនឡើង។ ការប្រែប្រួលបែបនេះបានកើតឡើងមុនពេលមានបន្ទុះ Monte Nuovo របស់ភ្នំភ្លើង Campi Fire កាលពីឆ្នាំ១៥៣៨ ដែលបានអូសបន្លាយរយៈពេល ០៨ថ្ងៃ និងឈានដល់ការកកើតឡើងនៃភ្នំតូចមួយថែមទៀត។
ទោះជាបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវខាងលើក៏បានគូសបញ្ជាក់ផងដែរថា លទ្ធផលរកឃើញក្នុងការសិក្សារបស់ពួកគេ មិនគួរជំរុញឲ្យមនុស្សប្រមាណ ១.៥លាននាក់ ដែលរស់នៅជុំវិញនោះរត់ភៀសខ្លួននៅឡើយ ពីព្រោះថាភ្នំភ្លើងនេះអាចបន្តស្ថិតនៅដំណាក់អសកម្មដូចបច្ចុប្បន្ននេះ សម្រាប់រយៈពេលជាយូរទៅមុខទៀត។
គួរជម្រាបថា បន្ទុះដែលត្រូវគេស្គាល់ច្បាស់បំផុតរបស់ភ្នំភ្លើងយក្សនេះ គឺ Campanian Ignimbrite និង Neapolitan Yellow Tuff ដែលបានកើតឡើងកាលពី ៣៩,០០០ឆ្នាំមុន និងកាលពី ១៥,០០០ឆ្នាំមុន ហើយពួកវាបានបន្សល់ទុករណ្តៅធំៗ ខណៈបន្ទុះ Campanian Ignimbrite បានគ្របដណ្តប់កម្អែរផេះលើផ្ទៃដីទំហំរហូតដល់ ៣.៦លានគីឡូម៉ែត្រក្រឡា៕