(សេអ៊ូល)៖ ការបំពេញដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ប្រទេសកូរ៉េខាងត្បូង នឹងនៅតែត្រូវធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០១៨នេះ ខណៈការរៀបចំកិច្ចប្រជុំកំពូលរវាងលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ត្រូវការពេលតែជាង ០២ខែប៉ុណ្ណោះក្នុងការរៀបចំ។ នេះបើតាមសម្តីលោក ចូ ម្យ៉ាងក្យុន (Cho Myoung-gyon) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Cho Myoung-gyon ថ្លែងបែបនេះនាឱកាសដែលបំពេញទស្សនកិច្ច រយៈពេល ០៥ថ្ងៃ ក្នុងសហរដ្ឋអាមេរិកនាសប្ដាហ៍នេះ។ លោក Cho បានលើកឡើងយ៉ាងដូច្នេះថា «តាមរយៈបទពិសោធន៍ពីអតីតកាល ដំណើរទស្សនកិច្ចមួយដែលត្រូវធ្វើនៅចុងឆ្នាំ គឺមិនអាចកើតឡើងឡើយ។ ប៉ុន្តែផ្អែកលើកិច្ចប្រជុំកំពូលអន្តរកូរ៉េចំនួនបីលើកកន្លងមក បានផ្លាស់ប្ដូរស្ថានភាពបែបនេះ ហើយមេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថា នឹងនៅតែរក្សាការរៀបចំ ទាំងឡាយពាក់ព័ន្ធនឹងកិច្ចប្រជុំ»។
គួរជម្រាបថា លោក មូន និងលោក គីម បានជួបគ្នាចំនួនបីលើករួមមកហើយ ក្នុងនោះពីរលើត្រូវធ្វើឡើងនៅតំបន់ព្រំដែននៃប្រទេសកូរ៉េទាំងពីរ កាលពីខែមេសា និងខែឧសភា រីឯជំនួបលើកទី ៣ ធ្វើឡើងក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ។ ប៉ុន្តែបើសិនជាកិច្ចប្រជុំលើកទី ៤ ត្រូវប្រព្រឹត្តទៅតាមការគ្រោងទុកមែននោះ លោក គីម នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ទឹកដីទីក្រុងសេអ៊ូល ចាប់តាំងកូរ៉េទាំងត្រូវពុះចែកជាពីរមក៕