(សិង្ហបុរី)៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សនិ្នសីទថ្នាក់ដឹកនាំចិន និងអាស៊ានលើកទី ២១ បានប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី ។ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាននានា បានធ្វើការពិគ្រោះពិភាក្សាជាមួយគ្នា ព្រមទាំងអនុម័តឯកសារ «ទស្សនទានស្តីពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងអាស៊ានឆ្នាំ២០៣០» ផងដែរ ។ នេះជាការបង្ហាញថា ប្រទេសចិនបានក្លាយជាប្រទេសដៃគូសនុ្ទនាទីមួយ ដែលបានគ្រោងផែនការ និងធ្វើទស្សនទានរយៈពេលកណ្តាល និងរយៈពេលវែងស្តីពីការអភិវឌ្ឍទំនាក់ទំនងជាមួយអាស៊ាន។
«ទស្សនទានស្តីពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងអាស៊ានឆ្នាំ២០៣០» ដែលត្រូវបានអនុម័តក្នុងសនិ្នសីទ នៅប្រទេសសិង្ហបុរីលើកនេះ បានជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ឲ្យឆ្ពោះទៅរកឆ្នាំ២០៣០។ ប្រការនេះបានបង្ហាញឲ្យឃើញថា បន្ទាប់ពីឆ្លងកាត់ការធ្វើកិច្ចសហប្រតិបតិ្តការអស់មួយទសវត្សរ៍មាស នៅអតីតកាល និងទសវត្សរ៍ពេជ្រនៅពេលបច្ចុប្បន្ន ប្រទេសចិន និងអាស៊ាននឹងចាប់ដៃគ្នាជាបន្តទៀត ដើម្បីពន្លឿនការដើរឆ្ពោះទៅរកការអភិវឌ្ឍជាមួយគ្នា ។
«ការចេញដំណើរជាមួយគ្នា» គឺបានមកពីភាគីទាំងពីរមានក្តីរំពឹង និងជំនឿចិត្តដូចគ្នាលើការអភិវឌ្ឍនៅពេលអនាគតរវាងគ្នា និងគ្នា។ កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជានិច្ចកាលគឺជាមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងរវាងចិន និងអាស៊ានរហូតមក ហើយក៏ជាក្តីរំពឹង និងជំនឿចិត្តដូចគ្នារវាងទ្វេភាគីផងដែរ។
«ការចេញដំណើរជាមួយគ្នា» គឺបានមកពីភាគីទាំងពីរធ្វើប្រតិបតិ្តការយ៉ាងមុតមាំជាដរាបមក ដើម្បីគាំពារពាណិជ្ជកម្មសេរី និងពហុភាគីនិយម ។ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសអាស៊ានលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជានិច្ចកាលប្រទេសចិនតែងតែគូសបញ្ជាក់នូវគោលការណ៍ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ព្រមទាំងបានប្រើវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីបើកទូលាយទីផ្សារប្រទេសចិន ចំពោះបណ្តាប្រទេសអាស៊ាន និងលើកកម្ពស់ប្រជាប្រិយភាព នៃផលិតផលអាស៊ានផងដែរ៕
ចាប់តាំងពីចិន និងអាស៊ានបានបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តអស់រយៈពេល ១៥ឆ្នាំមក ទោះបីជាក្នុងអំឡុងពេលនេះស្ថានការណ៍អន្តរជា និងតំបន់កើតមានការប្រែប្រួលយ៉ាងស្មុគស្មាញក្តី ក៏ប៉ុន្តែភាគីទាំងពីរបានខិតខំជំរុញឥតឈប់ឈរ នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកិច្ចសន្ទនាខាងនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិនិងសន្តិសុខជាដើម។
អ្នកវិភាគបានបង្ហាញថា ស្របនឹងពេលដាក់ចេញ «ទស្សនទានស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តចិន និងអាស៊ានឆ្នាំ២០៣០» នាពេលអនាគតចិន និងអាស៊ាននឹងជំរុញការតភ្ជាប់ដោយស៊ីជម្រៅរវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយនិងទស្សនទានស្តីពីសហគមន៍អាស៊ានឆ្នាំ២០២៥ ក្នុងន័យពង្រឹង និងពង្រីកកិច្ចកសាងលើវិស័យធំៗទាំង ៣ គឺសន្តិសុខខាងនយោបាយ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ដូចជាការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ។
ប្រការដែលប្រទេសចិន និងអាស៊ានចាប់ដៃគ្នាដើរឆ្ពោះទៅរកឆ្នាំ២០៣០ គឺបានបង្ហាញពីជំនឿចិត្តរបស់អាស៊ាន ចំពោះការអភិវឌ្ឍយូរអង្វែង និងការបើកទូលាយជានិរន្តរភាពរបស់ប្រទេសចិនផងដែរ។ ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមេត្រីភាពរវាងចិន និងអាស៊ានមិនត្រឹមតែនឹងបំពេញបន្ថែមកម្លាំងចលករជានិរន្តរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិន និងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជំរុញឱ្យប្រទេសចិន និងអាស៊ានដើរតួនាទីកាន់តែធំក្នុងកិច្ចការអន្តរជាតិ និងតំបន់ផងដែរ៕