អ្នកបង្កើតកម្មវិធីមនុស្សធម៌ដ៏ល្បី ត្រូវអាជ្ញាធរអាមេរិកចោទថា បានផ្សំគំនិតគ្នារៀបចំល្ខោនមួយឆាកតាមអ៊ីនធើណែត និងបោកបានប្រាក់៤០០,០០០ដុល្លារពីមហាជន!
16-11-2018 14:43
(វ៉ាស៊ីនតោន)៖ តួអង្គឯកមនុស្សធម៌ ដែលទទួលបានការកោតសរសើរយ៉ាងលើសលប់ នៅលើបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងសហរដ្ឋអាមេរិក តាមរយៈការបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ GoFundMe ដើម្បីជួយបុរសគ្មានផ្ទះសម្បែងម្នាក់ត្រូវបានគេ ចោទប្រកាន់ជាផ្លូវការហើយពីបទឆបោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាង ខេត ម៉ាក្លឺ (Kate McClure) និងបុរសម្នាក់ឈ្មោះ ម៉ាក ឌឺអាមីកូ (Mark D'Amico) ប្រមូលប្រាក់បាន ៤០០,០០០ដុល្លារ ដើម្បីជួយដល់អតីតនាយទាហានម៉ារីន អាមេរិកគ្មានផ្ទះសម្បែងម្នាក់គឺ លោក ចននី បុបប៊ីត (Johnny Bobbitt)។ ក៏ប៉ុន្តែលោក Bobbitt កាលពីខែសីហាកន្លងទៅ បានដាក់ពាក្យប្ដឹងអ្នកទាំងពីរនាក់នេះដោយអះអាងថា ពួកគេមិនបានប្រគល់លុយឱ្យគាត់នោះទេ។ តែរឹតតែគួរឱ្យអស្ចារ្យទៅទៀត រដ្ឋអាជ្ញាអាមេរិកនៃរដ្ឋ ញូជែស៊ី (New Jersey) នៅក្នុងសប្ដាហ៍នេះបាននិយាយថា លោក Bobbitt ក៏ជាអ្នករួមគំនិតម្នាក់ផងដែរក្នុងអំពើឆបោកនេះ ហើយអ្នកទាំងបីនឹងត្រូវប្រឈមមុខនឹងបទចោទដូចគ្នា។
គួរជម្រាបថា មេធាវីរបស់លោក D'Amico មានអាយុ ៣៩ឆ្នាំ និងនាង McClure មានអាយុ ២៨ឆ្នាំ មិនបានធ្វើការអត្ថាធិប្បាយអ្វីនោះឡើយ៕