(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានលើកឡើងនាថ្ងៃសុក្រនេះថា តំបន់សមុទ្រចិនខាងត្បូង មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសជាតិណាមួយឡើយ ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើការចល័តនាវាព្រមទាំងយន្តហោះទៅគ្រប់ទីទាំងកន្លែង ឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើនេះច្បាស់ណាស់ថានឹងធ្វើឲ្យទើសចិត្តចិនកាន់តែខ្លាំងថែមទៀត ខណៈដែលទីក្រុងប៉េកាំងបានប្រកាសទាមទារចំណែកស្ទើរតែទាំងស្រុងនៃតំបន់ផ្លូវសមុទ្រយុទ្ធសាស្រ្តនេះ។ កន្លងមក អាមេរិកតែងធ្វើយុទ្ធនាការសេរីភាពនៃនាវាចរណ៍របស់ខ្លួន នៅដែនសមុទ្រមានជម្លោះនេះ ហើយទង្វើនេះបានធ្វើឲ្យចិនខឹងសម្បារជាខ្លាំង ដោយថាវាគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។
គួរជម្រាបថា ចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ សុទ្ធតែមានការទាមទារចំណែករៀងៗខ្លួននៅសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានទំហំពាណិជ្ជកម្មប្រមាណ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ៕