(អាមេរិក)៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលកូនប្រុសបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី Lion Air កាលពីខែមុន បានសម្រេចប្តឹងក្រុមហ៊ុនផលិតយន្តហោះរបស់សហរដ្ឋអាមេរិក Boeing ដោយចោទប្រកាន់ថា កំហុសឆ្គងក្នុងគំរូផលិតនៃយន្តហោះ Boeing 737 MAX 8 គឺជាមូលហេតុនៅពីក្រោមសោកនាដកម្មនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពាក្យបណ្តឹងខាងលើត្រូវបានបញ្ជូនមកកាន់តុលាការអាមេរិកក្នុងរដ្ឋ Illinois ជាកន្លែងដែលទីស្នាក់ការក្រុមហ៊ុន Boeing ស្ថិតនៅ ដោយឪពុករបស់លោក Rio Nanda Pratama ក្រោមការចោទប្រកាន់ថា Boeing ពុំបានព្យាយាមគ្រប់គ្រាន់ដើម្បីជូនដំណឹងដល់ក្រុមហ៊ុន Lion Air និងក្រុមអាកាសយានិករបស់អាកាសចរណ៍ ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះមុខងារមិនមានសុវត្ថិភាពមួយនៅក្នុងគំរូផលិតនៃយន្តហោះ Boeing 737 MAX។
គួរជម្រាបថា នៅពេលដែលយន្តហោះធ្លាក់ លោក Pratama គឺកំពុងតែធ្វើដំណើរមកពីចូលរួមសន្និសីទមួយ ដើម្បីវិលត្រឡប់ទៅផ្ទះវិញ ហើយលោកត្រូវរៀបអាពាហ៍ពិពាហ៍នាសប្តាហ៍នេះថែមទៀតផង ខណៈដែលកូនក្រមុំរបស់លោកសុខចិត្តថតរូបរៀបការតែម្នាក់ឯង។
យន្តហោះជើងហោះហើរ៦១០របស់ Lion Air បានធ្លាក់ចូលក្នុងសមុទ្រជ្វាប្រទេសឥណ្ឌូណេស៊ី ក្រោយហោះចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតាបានតែប៉ុន្មាននាទីប៉ុណ្ណោះ កាលពីថ្ងៃទី២៩ ខែតុលា ខណៈមនុស្សទាំង១៨៩នាក់នៅលើនោះ បានបាត់បង់ជីវិតទាំងអស់។ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី នឹងចេញផ្សាយរបាយការណ៍បឋមជុំវិញករណីធ្លាក់យន្តហោះនាពេលឆាប់ៗក្នុងខែនេះ៕