(តូក្យូ)៖ រដ្ឋមន្ត្រីសន្តិសុខព័ត៌មានវិទ្យាថ្មីរបស់ជប៉ុន លោក Yoshitaka Sakurada បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុង ប្រទេសជប៉ុន ដោយសារតែលោកបានអះអាងថាមិនធ្លាប់បានប្រើកុំព្យូទ័រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Yoshitaka Sakurada ធ្វើការសារភាពបែបនេះ នៅចំពោះមុខគណៈកម្មាធិការមួយរបស់សភាជាតិជប៉ុន នាពេលថ្មីៗ នេះ។ លោក Sakurada បានលើកឡើងដូច្នេះថា៖«តាំងតែពីឆ្នាំមានអាយុ២៥ឆ្នាំ ខ្ញុំបានណែនាំដល់បុគ្គលិក និងជំនួយការ ជាច្រើន...ហើយខ្ញុំមិនដែលប្រើប្រាស់កុំព្យូទ័រឡើយនៅក្នុងជីវិតរបស់ខ្ញុំ»។ ប៉ុន្តែ ការសារភាពរបស់លោកបានបង្កភាពភ្ញាក់ផ្អើល យ៉ាងខ្លាំង រហូតដល់តំណាងរាស្ត្របក្សប្រឆាំងសឹងមិនជឿទៅលើអ្វីដែលលោកលើកឡើង។ «ខ្ញុំសឹងតែមិនជឿចំពោះអ្វីដែល គាត់បានលើកឡើង ព្រោះថាក្នុងនាមជាអ្នកទទួលស្គាល់ខុសត្រូវសន្តិសុខព័ត៌មានវិទ្យាម្នាក់ បែរជាមិនធ្លាប់ប្រើកុំព្យូទ័រទៅវិញ»។ នេះគឺជាការលើកឡើងរបស់តំណារាស្រ្តបក្សប្រជាធិបតេយ្យ លោក Masato Imai។
គួរបញ្ជាក់ថា លោក Yoshitaka Sakurada មានអាយុ៦៨ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសន្តិសុខព័ត៌មានវិទ្យាថ្មី កាលពីខែតុលាកន្លងទៅ ហើយលោកមានតួនាទីឃ្លាំមើល និងចាត់វិធានការនានាផ្នែកសន្តិសុខព័ត៌មានវិទ្យា ជាពិសេសនៅក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ នៅឆ្នាំ២០២០ខាងមុខនេះ៕