(អ៊ូហ្គង់ដា)៖ ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បានចេញបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងយោធាការពារ ទ្រព្យសម្បត្តិរបស់បណ្ដាក្រុមហ៊ុនចិននៅក្នុងប្រទេស បន្ទាប់ពីអំពើប្លន់មានការកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការចេញ
ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Museveni សម្រេចចិត្តចេញបញ្ជាបែបនេះ នាឱកាសថ្លែងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកវិនិយោគចិន ១២០នាក់
នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Museveni បានគូសបញ្ជាក់ដូច្នេះថា៖«សម្រាប់ខ្ញុំ វាគឺជារឿងធម្មតានៅក្នុងការដោះស្រាយ បញ្ហាទាំងនេះ»។ ប៉ុន្តែទន្ទឹមគ្នា លោកក៏បានព្រមានដែរថាមន្ត្រីប្រដាប់អាវុធ ឬយោធាទាំងឡាយណាដែលបរាជ័យក្នុងការ ការពារក្រុមហ៊ុនចិន នោះនឹងត្រូវប្រឈមមុខនឹងច្បាប់អាជ្ញាសឹក។
សូមជម្រាបថា ចិនកំពុងធ្វើការវិនិយោគជាច្រើននៅក្នុងប្រទេសអ៊ូហ្គង់ដា។ តែមួយរយៈពេលចុងក្រោយ ក្រុមហ៊ុនចិនមួយចំនួន បានបង់ប្រាក់ និងទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ដោយសារអំពើប្លន់នៅក្នុងប្រទេសអាហ្រ្វិកខាងកើតមួយនេះ ហើយដើម្បី ដោះស្រាយបញ្ហា លោក Museveni ក៏បានបង្គាប់ឱ្យអាជ្ញាធរអ៊ូហ្គង់ដាបង្កើនការដើរល្បាត និងបំពាក់កាមេរ៉ាសុវត្ថភាពនៅតាម តំបន់សួនឧស្សហកម្មផងដែរ៕