(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់អត្តសញ្ញាណរួចរាល់ហើយ នូវជនជាតិអ៊ីតាលីម្នាក់ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ហើយសាកសពនេះនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់គ្រួសាររបស់គាត់វិញ នៅប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប៉ូលិសឥណ្ឌូណេស៊ីបានប្រាប់ឲ្យដឹងថា សាកសពជនជាតិអ៊ីតាលីជាបុរសខាងលើមានឈ្មោះ Andrea Manfredi និងត្រូវបាន បញ្ជាក់អត្តសញ្ញាណ កាលពីថ្ងៃអង្គារ ជាមួយនឹងសាកសពអ្នកធ្វើដំណើរ២នាក់ផ្សេងទៀត ដែលស្ថិតនៅក្នុងចំណោម
ជនរងគ្រោះទំាង១៨៩នាក់ជិះនៅលើយន្តហោះ Boeing 737 ដែលបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ។
សាកសពលោក Manfredi គឺជាជនជាតិបរទេសម្នាក់ ក្នុងចំណោមជនជាតិបរទេស ២នាក់បានជិះនៅលើយន្តហោះដែល ធ្លាក់នោះដោយជនជាតិបរទេសម្នាក់ទៀត គឺជាអ្នកបើកបរយន្តហោះ ឈ្មោះ Bhavye Suneja មកពីប្រទេសឥណ្ឌា។ លើសពីនេះទៅទៀត គិតត្រឹមថ្ងៃពុធសប្ថាហ៍នេះប៉ូលិសឥណ្ឌូណេស៉ី បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះចំនួន៨៥នាក់ ហើយ ក្នុងនោះមានបុរស៦៤នាក់ និងស្ត្រី២១នាក់។
គួររំលឹកថា ជើងហោះហើរ JT 610 ផ្ទុកដោយមនុស្ស១៨៩នាក់ ជិះនៅលើនោះ បានធ្លាក់ចូលទឹកសមុទ្រ នាខេត្ត West Java ភ្លាមៗ បន្ទាប់ពីហោះចេញពី អាកាសយាន្តដ្ឋាននៅទីក្រុង Jakarta៕