(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អនុប្រធានាធិបតី​អាមេរិក លោក Mike Pence បាននិយាយ​នៅថ្ងៃព្រហស្បតិ៍​នេះថាប្រធានាធិបតី អាមេរិក​លោក ដូណាល់ ត្រាំ មានគំរោង​ជួបមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាលើកទី២ នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ៕

 

២៖ អ្នកនេសាទចំនួន១៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ក្រោយពីទូកនេសាទកូរ៉េខាងត្បូង​របស់​ពួកគេបានលិចចូល សមុទ្រដោយសារតែការប៉ះទង្គិចគ្នាជាមួយ​ទូកនេសាទ​មួយគ្រឿង​ទៀតរបស់ជប៉ុន៕

 

៣៖ ​ចំនួនសាកសព​ជនរងគ្រោះ​​ដែលត្រូវបានរកឃើញ គឺកើនឡើងដល់​ ៥៦នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃ​​នៅភាគខាង​ជើងរដ្ឋ​កាលីហ្វរញ៉ា៕

 

៤៖ ជនសកម្មប្រយុទ្ធ​សរុប២០នាក់បានស្លាប់ និង​០៤នាក់ផ្សេងទៀត​បានរងរបួស បន្ទាប់ពី​កងយន្តហោះ​ចម្បាំង​​​របស់យោធា អាហ្វហ្គានីស្ថាន បានបើកការវាយប្រហារទម្លាក់គ្រាប់បែកទៅលើ​ទីតាំងលាក់ខ្លួន​របស់​​ពួកតាលីបង់ នៅ​​​​​ខេត្ត Ghazi ភាគខាងកើត​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕

 

៥៖ គំរូផលិត​យន្ដហោះយោធា​ដឹកជញ្ជូន ទំនើបចុងក្រោយបំផុតរបស់​រុស្ស៊ី Il-276 ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ ទាំងស្រុងនៅឆ្នាំ២០១៩៕

 

៦៖ ​ក្រុមហ៊ុនផ្កាយរណបអ៊ីស្រាអែល ImageSat International បានអះអាងថា ប្រព័ន្ធខែលការពារអាកាស​ S-300 ដែលរុស្ស៉ីបានបញ្ជូនទៅ​ស៊ីរីនោះ តាមពិតមិនទាន់អាច​ធ្វើប្រតិបត្តិការបាននៅឡើយទេ៕