(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតនឹងស្នើឲ្យមានការផ្តន្ទាទោសប្រហារជីវិតជនសង្ស័យ០៥នាក់ ក្នុងចំណោម១១នាក់ ដែលត្រូវបានចោទប្រកាន់ជាផ្លូវការ ជុំវិញករណីឃាតកម្មអ្នកកាសែតរិះគន់រដ្ឋាភិបាលទីក្រុងរីយ៉ាដ លោក Jamal Khashoggi។ នេះបើតាមការបញ្ជាក់ពីរដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីតមួយរូប ដកស្រង់សម្តីដោយសារព័ត៌មាន Bloomberg នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមរដ្ឋអាជ្ញាខាងលើ មនុស្សចំនួន១១នាក់ត្រូវបានចោទប្រកាន់ ក្នុងសំណុំរឿងឃាតកម្មលោក Khashoggi ក្នុងចំណោមមនុស្សទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោម១១នាក់នោះទៀតសោត ០៥នាក់អាចនឹងត្រូវប្រឈមទោសប្រហារជីវិត។
គួរជម្រាបថា លោក Khashoggi ត្រូវបានគេសម្លាប់ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ហើយសាកសពរបស់លោកត្រូវគេកាត់ជាកង់ៗ និងយកទៅបោះចោលមិនដឹងជានៅទីណាឲ្យប្រាកដឡើយ។ អ្វីដែលជាចំណុចរសើបខ្លាំងចំពោះករណីនេះ គឺការសង្ស័យភាគច្រើនថាអ្នកដែលបញ្ជាពីក្រោយខ្នងការធ្វើឃាតអ្នកកាសែតរូបនេះ គឺគ្មាននរណាផ្សេងក្រៅពីព្រះអង្គម្ចាស់ស្នងរាជ្យ Mohammed bin Salman ឡើយ ទោះបីជាទីក្រុងរីយ៉ាដបានទាត់ចោលជាដដែលៗនូវការសង្ស័យក៏ដូចជាសន្និដ្ឋាននេះក៏ដោយ៕