(អ៊ីស្រាអែល)៖ ក្រុមហ៊ុនផ្កាយរណបអ៊ីស្រាអែល ImageSat International បានអះអាងថា ប្រព័ន្ធខែលការពារអាកាស S-300 ដែលរុស្ស៉ីបានបញ្ជូនទៅស៊ីរីនោះ តាមពិតមិនទាន់អាចធ្វើប្រតិបត្តិការបាននៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមហ៊ុន ImageSat International (iSi) បានបញ្ចេញរូបភាពនៃកន្លែងមួយ ដែលខ្លួនអះអាងថា ជាទីតាំងរបស់ប្រព័ន្ធ S-300 ដែលរុស្ស៉ីបានប្រគល់ទៅឲ្យស៊ីរី នៅក្រុង Masyaf ភាគពាយ័ព្យប្រទេសស៊ីរី។ iSi បានអះអាងទៀតថា បើផ្អែកលើរូបភាពទាំងនេះ គឺបង្ហាញថាប្រព័ន្ធ S-300 របស់រុស្ស៉ី មិនទាន់ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការកើតនៅឡើយទេ។
គួរជម្រាបថា កាលពីដើមខែតុលា រុស្ស៉ីបានប្រកាសពីការប្រគល់ប្រព័ន្ធ S-300 ចំនួនប៉ុន្មានគ្រឿងទៅកាន់ស៊ីរី ដើម្បីជាការឆ្លើយតបចំពោះករណីបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី Il-20 ដែលបានបណ្តាលឲ្យនាយទាហាន១៥នាក់ស្លាប់ នៅក្បែរទីក្រុង Latakia ប្រទេសស៊ីរី។ ទីក្រុងម៉ូស្គូ បានចោទកងយន្តហោះចម្បាំងអ៊ីស្រាអែលថា បានប្រើយន្តហោះរុស្ស៊ីធ្វើជាខែល ក្នុងប្រតិបត្តិការវាយប្រហាររបស់ពួកគេនៅស៊ីរី ដែលទីបំផុតធ្វើឲ្យយន្តហោះនោះ ត្រូវប្រព័ន្ធការពារអាកាសស៊ីរីច្រឡំបាញ់ទម្លាក់៕