(សេអ៊ូល)៖ អ្នកនេសាទចំនួន១៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ក្រោយពីទូកនេសាទកូរ៉េខាងត្បូងរបស់ពួកគេ បានលិចចូលសមុទ្រដោយសារតែការប៉ះទង្គិចគ្នាជាមួយទូកនេសាទមួយគ្រឿងទៀតរបស់ជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ហេតុការណ៍ខាងលើបានកើតឡើងនៅលើផ្ទៃសមុទ្រ នាចម្ងាយប្រហែលជា៣៣០គីឡូម៉ែត្រ ភាគឦសានប្រជុំកោះជម្លោះដែលជប៉ុនដាក់ឈ្មោះថា Takeshima រីឯកូរ៉េខាងត្បូងហៅថា Dokdo។ ក្រោយការប៉ះទង្គិចជាមួយទូកនេសាទជប៉ុនដែលមានទម្ងន់១០០តោន ទូកនេសាទកូរ៉េខាងត្បូងទម្ងន់ត្រឹម៤៨តោនក៏បានលិច។ អ្នកនេសាទទាំង១៣នាក់របស់ទូកកូរ៉េខាងត្បូង ត្រូវបានជួយសង្រ្គោះដោយទូកនេសាទមួយចំនួនរបស់ក្រុមហ៊ុនឯកជន ដែលមានវត្តមាននៅក្បែរនោះ។
គួរជម្រាបថា ចំណែកទូកនេសាទជប៉ុនមិនត្រឹមតែមិនបានលិចនោះទេ សូម្បីតែអ្នករងរបួសក៏ពុំត្រូវបានឃើញមានគេរាយការណ៍នោះដែរ។ ដោយឡែក កងនាវាល្បាតកូរ៉េខាងត្បូង កំពុងស្រាវជ្រាវថា តើគ្រោះថ្នាក់នេះបង្កឡើងដោយសារមូលហេតុអ្វីឲ្យប្រាកដ៕