(កាប៊ុល)៖ ជនសកម្មប្រយុទ្ធសរុប២០នាក់បានស្លាប់ និង០៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកងយន្តហោះចម្បាំងរបស់យោធាអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារទម្លាក់គ្រាប់បែកទៅលើទីតាំងលាក់ខ្លួនរបស់ពួកតាលីបង់ នៅខេត្ត Ghazi ភាគខាងកើត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ក្រុមយន្តហោះចម្បាំងរបស់ខ្លួន បានធ្វើការវាយលុកទៅលើទីតាំងរបស់ពួកឧទ្ទាមតាលីបង់ នៅស្រុក Andar និង Qarabagh ចាប់តាំងពីថ្ងៃពុធមក ហើយបានផ្តាច់ជីវិតជនសកម្មប្រយុទ្ធ២០នាក់។
គួរជម្រាបថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលកំពុងកាន់កាប់តំបន់មួយចំនួននៃខេត្ត Ghazni ភាគខាងកើតអាហ្វហ្គានីស្ថាន បានចាប់ផ្តើមធ្វើសកម្មភាពវាយប្រហារលើស្រុក Jaghori ដែលធ្លាប់តែមានសុខសន្តិភាព កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ភាគកណ្តាល៕