(វ៉ាស៊ីនតោន)៖ ចំនួនសាកសពជនរងគ្រោះដែលត្រូវបានរកឃើញ គឺកើនឡើងដល់ ៥៦នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការដកស្រង់ការចេញផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមបញ្ជាក់ពីអាជ្ញាធរអាមេរិក សាកសពចំនួន ០៨នាក់ទៀត ត្រូវបានរកឃើញនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ខណៈសាកសពមនុស្សសរុបទាំង ៥៦នាក់ សុទ្ធតែត្រូវបានប្រទះឃើញនៅក្បែរ និងក្នុងទីក្រុង ផារ៉ាដាយស៍ (Paradise) ដែលបានទទួលរងការបំផ្លិចបំផ្លាញជាខ្លាំងដោយមហន្តរាយភ្លើងឆេះព្រៃខាងលើ។ ទន្ទឹមនឹងនេះក្រុមអ្នករុករកកំពុងបន្តប្រតិបត្តិការរបស់ខ្លួនទៅមុខទៀត ស្របពេលដែលមនុស្សប្រហែល ១៣០នាក់ ឬក៏ច្រើនជាងនេះត្រូវបានចុះក្នុងបញ្ជីបាត់ខ្លួន។
គួរជម្រាបថា ភ្លើងឆេះព្រៃឈ្មោះថា Camp Fire រហូតមកទល់ពេលនេះ នៅតែត្រូវចាត់ទុកជា គ្រោះអាសន្នធំបំផុតមួយដដែល ខណៈភ្នាក់ងារពន្លត់អគ្គីភ័យជិត ៥,៥០០នាក់ កំពុងព្យាយាមពន្លត់វាឲ្យបានទាំងស្រុង។ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ផ្ទៃដីប្រមាណ ៥៥៨.៥គីឡូម៉ែត្រក្រឡាត្រូវបានឆាបឆេះ ហើយភ្លើងឆេះព្រៃនេះទើបត្រូវគេគ្រប់គ្រងបាន ៣៥ភាគរយប៉ុណ្ណោះ។ ព្រមពេលជាមួយគ្នាភ្លើងឆេះព្រៃ ០២ទៀត ក៏កើតមានឡើងភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាផងដែរ ប៉ុន្តែវាស្ថិតនៅក្នុងការគ្រប់គ្រង៕