អ្នកនាំពាក្យ៖ «លោក ឌូតឺតេ ខកខានចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយចំនួន ក៏ព្រោះលោករវល់សម្រាកពេលថ្ងៃយកកម្លាំង» (Video Inside)
15-11-2018 15:00
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានខកខានចូលរួមក្នុងជំនួបជាច្រើននៃកិច្ចប្រជុំកំពូលថ្នាក់តំបន់ ដោយសារតែចង់យកពេលសម្រាកដេកថ្ងៃយកកម្លាំង។ នេះបើតាមអ្នកនាំពាក្យរបស់លោក ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យលោក ឌូតឺតេ គឺលោក សាលវ៉ាដឺ ផេនែឡូ (Salvador Panelo) បានឱ្យដឹងទៀតថា លោកប្រធានាធិបតីហ្វីលីពីនវ័យ ៧៣ឆ្នាំរូបនេះ បានខកខានចូលរួមកិច្ចប្រជុំចំនួន ០៤ កាលពីថ្ងៃពុធ ពីព្រោះលោកចង់យកពេលដេកថ្ងៃយកកម្លាំង។ លោក Panelo បន្ថែមថា លោក ឌូតឺតេ បានធ្វើការងារដល់យប់ជ្រៅ ហើយលោកគេងបានតែពីរបីម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សុខភាពរបស់លោក ឌូតឺតេ មិនមានបញ្ហាអ្វីនោះទេ។
គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាមួយមេដឹកនាំពិភពលោកដទៃទៀត។ ម្យ៉ាងវិញទៀត នេះមិនមែនជាលើកទីមួយឡើយដែលប្រធានាធិបតីហ្វីលីពីនរូបនេះ ខកខានការប្រជុំ ពោលគឺលោកក៏ធ្លាប់បានខកខានការប្រជុំអន្តរជាតិ ជាច្រើនផងដែរកាលពីឆ្នាំ២០១៨ រហូតដល់មានពាក្យចចាមអារ៉ាមថា លោកមានបញ្ហាសុខភាព៕