(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានគំរោងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាលើកទី ២ នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នាលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យមានកំហុសច្រំដែល ដោយបណ្ដោយឱ្យទីក្រុងព្យុងយ៉ាង ក្បត់ពាក្យសន្យា ក្នុងការរំសាយអាវុធនុយក្លេអ៊ែរទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Mike Pence ធ្វើការកត់សម្គាល់បែបនេះ ប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ លោក Pence បានលើកឡើងយ៉ាងដូច្នេះថា «គំរោងទាំងឡាយកំពុងដំណើរការទៅមុខ... ហើយយើងជឿជាក់ថា កិច្ចប្រជុំកំពូលអាចនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ ប៉ុន្តែ យើងមិនប្រព្រឹត្តកំហុសច្រំដែល ដូចរដ្ឋាភិបាលអាមេរិកមុនៗ ដោយបណ្ដោយឱ្យទីក្រុងព្យុងយ៉ាងក្បត់ពាក្យសន្យា ក្នុងការរំសាយអាវុធនុយក្លេអ៊ែរទៀតនោះឡើយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកអនុប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីថ្ងៃចន្ទថា កូរ៉េខាងជើងនៅតែបន្តលួចលាក់អភិវឌ្ឍន៍អាវុធមីស៊ីល-នុយក្លេអ៊ែរ តាមរយៈការលាក់បាំងទីតាំងអភិវឌ្ឍន៍មីស៉ីល និងនុយក្លេអ៊ែររហូតដល់ ១៣កន្លែង ក្នុងចំណោម ២០ ទីតាំងនៅតាមតំបន់ព្រៃភ្នំដាច់ស្រយ៉ាលនៃប្រទេស។
ម្យ៉ាងវិញទៀត ការអះអាងនេះក៏បានបង្កឱ្យមានការសង្ស័យផងដែរ ចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលថាទីក្រុងព្យុងយ៉ាងលែងក្លាយជាការ គំរាមកំហែងនុយក្លេអ៊ែរទៀតហើយ ដោយតែភាពជឿនលឿននៃកិច្ចចរចារវាងលោក និង លោក គីម ជុងអ៊ុន កាលពីខែមិថុនាក្នុងប្រទេសសិង្ហបុរី៕