(តូក្យូ)៖ ហេតុការណ៍កម្របំផុតមួយបានកើតឡើង គឺទូកនេសាទកូរ៉េខាងត្បូង និងជប៉ុនបានបុកគ្នានៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដែលស្ថិតនៅចម្ងាយប្រមាណ ៣៣០គីឡូម៉ែត្រ ពីភាគខាងឦសាននៃប្រជុំកោះមួយ (ដុកដូ) ដែលត្រូវបានអះអាងកម្មសិទ្ធិ ដោយប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទូកនេសាទកូរ៉េខាងត្បូងដែលមានទម្ងន់ ៤៨តោន បានលិចភ្លាមៗបន្ទាប់ពីការបុកទង្គិចជាមួយទូកនេសាទជប៉ុន កាលពីវេលាម៉ោង ៩៖៣៨នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បន្ថែមពីនេះក្រុមសង្គ្រោះនៅកន្លែងកើតហេតុ បានធ្វើការស្រង់កម្មករលើទូកកូរ៉េខាងត្បូងបានចំនួន ១៣នាក់ និងកំពុងស្វែងរកពួកគេមួយចំនួនទៀត ដែលបាត់ខ្លួន។
គួរបញ្ជាក់ថា ទូកនេសាទជប៉ុនពុំបានលិចនោះឡើយក្រោយការបុកគ្នា ហើយជប៉ុនក៏បានអះអាងទៀតថា ភាគីខ្លួនក៏មិនមានអ្នកបាត់ខ្លួន ឬរងរបួសនោះដែរ ខណៈប្រតិបត្តិការជួយសង្គ្រោះ ក្រុមអ្នកនេសាទកូរ៉េខាងត្បូងនៅតែបន្ត។ ដោយឡែកមូលហេតុដែលបានបង្កគ្រោះថ្នាក់នេះឡើង គឺមិនទាន់មានការបញ្ជាក់ឡើយ៕