(ម៉ូស្គូ)៖ គំរូផលិតយន្ដហោះយោធាដឹកជញ្ជូន ទំនើបចុងក្រោយបំផុតរបស់រុស្ស៊ី Il-276 ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ ទាំងស្រុងនៅឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្ដីរាយការណ៍ខាងលើរបស់ Sputnik ធ្វើឡើងដោយផ្អែកប្រភពពីក្រុមហ៊ុនផលិតយន្ដហោះរុស្ស៉ី អ៊ីលយូស៊ីន (Ilyushin Aviation Complex)។ Ilyushin បានប្រាប់ Sputnik យ៉ាងដូច្នេះថា «គំរូផលិតយន្ដហោះ Il-276 នឹងត្រូវបញ្ចប់ទាំងស្រុងនៅឆ្នាំ២០១៩ រីឯ បញ្ជីឈ្មោះក្រុមហ៊ុនដែលទទួលរ៉ាប់រងផលិត ក៏ត្រូវបានអនុម័តរួចរាល់ហើយដែរ»។ ក្រុមហ៊ុន Ilyushin បន្ថែមទៀតថា យន្ដហោះ Il-276 នឹងត្រូវបំពាក់ម៉ាស៉ីនពីរប្រភេទគឺ 90A-76 និង PD-14។
គួរជម្រាបថា យន្ដហោះយោធាដឹកជញ្ជូនទំនើបចុងក្រោយបំផុតរបស់រុស្ស៊ី Il-276 អាចដឹកជញ្ជូនបានទម្ងន់ ២០តោន និងហោះក្នុងល្បឿន ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្ដហោះនេះត្រូវបានគេរំពឹងថា នឹងធ្វើការហោះហើរសាកល្បងនៅឆ្នាំ២០២៣ ខណៈការប្រគល់លើដំបូងឱ្យកងកម្លាំងទ័ពអាកាសរុស្ស៊ី នៅឆ្នាំ២០២៦៕