(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងឧបនាយករដ្ឋមន្រ្តីកាតា លោក ខាលីដ អាល់អាត់ទីយ៉ាហ៍ (Khalid Al-Attiyah) បានជួបមុខគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិគ្រោះគ្នាអំពីសំណើរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ជុំវិញការបង្កើតអង្គការការពារសន្តិសុខមួយ នៅតំបន់អារ៉ាប់ ដែលដូចទៅនឹងក្រុមប្រទេសអង្គការ NATO ដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាមេរិក លោក Pompeo បានជួបជាមួយលោក Al-Attiyah និងពិភាក្សាគ្នានៅវ៉ាស៊ីនតោន អំពីការរៀបចំឆ្ពោះទៅរកការបង្កើតអង្គការ Middle East Strategic Alliance (MESA) ដែលឈរលើមូលដ្ឋាននៃក្រុមប្រឹក្សាកិច្ចសហការ រវាងប្រទេសនៅតំបន់ឈូងសមុទ្រពែក ហៅកាត់ថា GCC ដែលរួបរួមគ្នាមួយ ដើម្បីលើកស្ទួយវិបុលភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឡើងនូវការបង្កើតអង្គការសន្តិសុខប្រចាំតំបន់មជ្ឈិមបូព៌ា ដែលជាទូទៅត្រូវគេហៅថា «អង្គការ NATO អារ៉ាប់» ដោយរួមមានរដ្ឋអារ៉ាប់ចំនួន ០៦ ដែលជាសមាជិករបស់ GCC រួមជាមួយអេហ្ស៊ីប និងហ្ស៊កដានី។
គួរជម្រាបថា បើតាមការធ្លាប់លើកឡើងរបស់ក្រុមមន្រ្តីអាមេរិក គោលដៅខាងលើនេះ គឺដើម្បីទប់ទល់ការកើនឡើង នៃឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ ពីមុនមកកិច្ចផ្តួចផ្តើមស្រដៀងគ្នាបែបនេះរបស់អាមេរិក ក៏ធ្លាប់បរាជ័យប៉ុន្មានលើករួចមកហើយផងដែរ ខណៈកិច្ចប្រឹងប្រែងនាពេលនេះ បាននិងកំពុងប្រឈមមុខភាពរាំងស្ទះ ដោយសារតែបញ្ហាវិវាទរវាងកាតា និងបណ្តាប្រទេសអារ៉ាប់ដទៃទៀតនៅក្នុងក្រុមប្រឹក្សា GCC៕