(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សា និងការធ្វើទុក្ខបុក ម្នេញលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដោយប្រាប់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី ថាការធ្វើទុក្ខបុកម្នេញនេះ គឺជារឿងមិនអាចអត់ឱនឱ្យបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Pence ធ្វើការកត់សម្គាល់ដូចខាងលើ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ មុននឹងលោកចូលរួមកិច្ចប្រជុំមិនផ្លូវការមួយ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកក្នុងប្រទេសសិង្ហបុរី។ ថ្លែងនាឱកាសនោះ លោក Pence បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញលើជនជាតិជាដើមភាគតិចរ៉ូហ៊ីងយ៉ា ពីសំណាក់យោធាមីយ៉ាន់ម៉ា ដែលបង្ខំឱ្យមនុស្សជាង ៧០០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ហើយធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និងរងការឈឺចាប់គឺជារឿងមិនអាចអត់ឱនឱ្យបានជាដាច់ខាត»។
គួររំលឹកថា អំពើហិង្សាលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ រ៉ាឃីន (Rakhine) បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបើកប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា។ ចំណែកឯ ក្រុមអង្គការសិទ្ធិមនុស្សនានារួមទាំងអង្គការសហប្រជាជាតិបានចាត់ទុកថា ប្រតិបត្តិការយោធានេះ គឺជាមានចេតនាបោសសំអាតជនជាតិរ៉ូហ៊ីងយ៉ា ដែលមានលក្ខណៈជាអំពើប្រល័យពូជសាសន៍។
ប៉ុន្តែក្រៅតែពីការថ្កោលទោស គេមិនទាន់ឃើញមានវិធានការរឹងមាំណាមួយលើរដ្ឋាភិបាលមីយ៉ាន់ម៉ានៅឡើយទេ បន្ទាប់ពីចិន និងរុស្ស៊ីបានប្រើសិទ្ធិវ៉េតូ (ជំទាស់) ជាបន្តបន្ទាប់ជំទាស់ទៅនឹងដំណោះស្រាយ ដាក់ទណ្ឌកម្ម និងថ្កោលទោសមីយ៉ាន់ម៉ា៕