(អឺរ៉ុប)៖ តារាវិទូអន្តរជាតិមួយក្រុមបានប្រើប្រាស់ ផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប Gaia រកឃើញកាឡាក់ស៊ីមួយគេហៅថា «កាឡាក់ស៊ីខ្មោច» ដែលស្ថិតនៅចុងកាឡាក់ស៊ីរបស់យើង។ វត្ថុចម្លែកនេះមានទំហំធំជាង ០៣ដង ប៉ុន្តែមានពន្លឺខ្សោយជាង ១ម៉ឺនដង ធៀបនឹងកាឡាក់ស៊ី Large Magellanic Cloud ឬ LMC ដែលកំពុងគោចរជុំវិញកាឡាក់ស៊ី Milky Way ដូចគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាឡាក់ស៊ីមិនពេញលក្ខណៈខាងលើនេះ ដែលត្រូវគេដាក់ឈ្មោះឲ្យថា Antlia 2 ឬ Ant 2 បានគេចផុតពីក្រសែភ្នែកអ្នកវិទ្យាសាស្រ្ត រហូតមកទល់ពេលនេះ ដោយសារតែវានៅសំងំលាក់ពួនពីខាងក្រោយ តំបន់សំណុំរូបធាតុមានរាងដូចបន្ទះឌីសហៅថា Galactic Disk របស់កាឡាក់ស៊ី Milky Way ហើយនេះគឺជាហេតុផលដែលគេហៅវាថា «កាឡាក់ស៊ីខ្មោច» ផងដែរ។ ដោយឡែក ប្រការនេះពុំមែនជាហេតុផលតែមួយ ដែលអ្នកវិទ្យាសាស្រ្តមានចំណាប់អារម្មណ៍ខ្លាំងចំពោះ Ant 2 ឡើយ។
គួរជម្រាបថា បើតាមអ្នកវិទ្យាសាស្រ្ត Antlia 2 ឬ Ant 2 កម្រិតពន្លឺ និងទំហំរបស់វាគឺមិនស៊ីគ្នាទាល់តែសោះ ហើយវាក៏មើលទៅមិនដូចជាកាឡាក់ស៊ីមិនពេញលក្ខណៈដែរ (Dwarf Galaxy) ដោយតែទំហំដ៏ធំរបស់វា ពោលគឺជិតស្មើមួយភាគបីនៃកាឡាក់ស៊ី Milky Way ប៉ុន្តែមានពន្លឺខ្សោយជាងកូនកាឡាក់ស៊ី LMC យ៉ាងឆ្ងាយ ដែលមានទំហំតូចជាងវាដល់ទៅ ០៣ដង៕