(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមាន លោកស្រី Mira Ricardel ត្រូវបានបណ្ដេញចេញពីតំណែងហើយ ក្រោយ លេចលឺថាមានទំនាស់ជាមួយជំទាវទីមួយអាមេរិក លោកស្រី Melania Trump។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍ នេះថា លោកស្រី Ricardel នឹងត្រូវទៅកាន់តួនាទីថ្មី ហើយនឹងនៅតែបន្តគាំទ្រលោកប្រធានាធិបតីដូណាល់ ត្រាំ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អ្វីបន្ថែមឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថាលោកស្រី Ricardel និងលោកស្រី Melania Trump ធ្លាប់ទាស់សម្ដីនឹងគ្នានៅអំឡុងនៃដំណើរទស្សនកិច្ចមួយទៅកាន់ទ្វីបអាហ្រ្វិក កាលពីខែតុលា កន្លងទៅ។ មិនតែប៉ុណ្ណោះបើតាម Wall Street Journal លោកស្រី Ricardel ក៏ត្រូវបានគេរាយការណ៍ផងដែរថាជាមនុស្ស ម្នាក់នៅពីក្រោយការផ្សព្វផ្សាយរឿងអវិជ្ជមានរបស់លោកស្រី Melania។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី Melania បានស្នើឱ្យដកលោកស្រី Mira Ricardel ចេញពីតំណែងដោយ ចាត់ទុកថាទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានរូបនេះ មិនសមបន្តធ្វើការតទៅទៀត។ ក៏ប៉ុន្តែ ទន្ទឹមគ្នានឹងការចាកចេញរបស់ លោកស្រី Ricardel ក៏មានសេចក្ដីរាយការណ៍ដែរថា លោក ដូណាល់ ត្រាំ កំពុងពិចារណារុះរើតំណែងមន្ត្រីមួយចំនួននៅក្នុង សេតវិមានក្នុងនោះមានដូចជា ប្រធានបុគ្គលិកសេតវិមាន លោក John Kelly និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ
លោកស្រី Kirstjen Nielsen ជាដើម៕