(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ Camp Fire នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក កើនដល់៤៨នាក់ ខណៈប្រតិបត្តិការរុករកសាកសពជនរងគ្រោះកំពុងបន្តប្រព្រឹត្តទៅមុខ។
២៖ សិង្ហបុរីដាក់ដំណើរការគ្រឿងយន្តរ៉ូបូត ដែលមានតួនាទីល្បាតនៅទីតាំងប្រារព្ធកិច្ចប្រជុំកំពូលអាស៊ាន។
៣៖ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ខិតខំព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា ដែលកំពុងបន្តដុតបំផ្លាញលំនៅឋាន។
៤៖ ព្រះអង្គម្ចាស់អង់គ្លេស Charles ប្រារព្ធព្រះរាជពីធីចម្រើនព្រះជន្មាយុឈានចូល៧០ព្រះវស្សា តាមរយៈការថតរូបក៏កម្រមួយ។
៥៖ អង្គការផ្នែកអវកាសឥណ្ឌា ISRO បាញ់បង្ហោះផ្កាយរណបទំនាក់ទំនងមួយគ្រឿងឈ្មោះ GSAT-29 តាមរយៈគ្រាប់រ៉ុក្កែត GSLV Mark III។
៦៖ ខណៈកូនកំលោះស្លាប់គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air នៅឥណ្ឌូណេស៊ី កូនក្រមុំសុខចិត្តថតរូបអាពាហ៍ពិពាហ៍តែម្នាក់ឯង។
៧៖ យន្តហោះយោធាអាមេរិកមួយគ្រឿង ធ្លាក់ក្នុងរដ្ឋតិចសាស់ និងផ្តាច់ជីវិតអាកាសយានិកភ្លាមៗ។