(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បាននិយាយថា បើសិនជាចិនមិនព្រមផ្លាស់អាកប្បកិរិយាសព្វថ្ងៃ បស់ខ្លួនទេ នោះទីក្រុងប៉េកាំងនឹងត្រូវបានប្រឈមមុខនឹងសង្រ្គាមត្រជាក់ ជាមួយសហរដ្អអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Pence ធ្វើការកត់សម្គាល់បែបនេះ ប្រាប់កាសែតអាមេរិក Washington Post នាពេលថ្មីៗនេះ និងមុនពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវជួបប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំ G20 នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះនៅឯប្រទេសអាហ្សង់ទីន។ លោក Pence បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានទុកទ្វារឱ្យនៅ ចំហសម្រាប់កិច្ចព្រមព្រៀងមួយ ជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងប្រទេសអាហ្សង់ទីន។ ប៉ុន្តែបើសិនជាទីក្រុងប៉េកាំង នៅតែមិនព្រមផ្លាស់ប្ដូរអាកប្បកិរិយាដូចសព្វថ្ងៃរបស់ខ្លួនទេ នោះចិនមិនអាចគេចផុតពីសង្រ្គាមត្រជាក់ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកឡើយ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងកាលពីខែឧសភាកន្លងទៅ ក្រោយលោក ត្រាំ ប្រកាសតំឡើងពន្ធ ៥០ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន ដែលធ្វើឱ្យទីក្រុងប៉េកាំងចាត់វិធានការសងសឹកវិញ
ជាបន្តបន្ទាប់៕